2023-11-20 11:36am-ណៃពិដោ៖ ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទូក៣គ្រឿងដែលពោរពេញទៅដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលនេះជាចំនួនច្រើនបំផុតមួយចាប់តាំងពី យោធានៃរបបសឹកមីយ៉ាន់ម៉ាបើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះក្នុងឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ត្រីការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Faisal Rahman បានប្រាប់ AFP ថា ទូកមួយគ្រឿងបានមកដល់ស្រុក Bireuen នៃខេត្ត Aceh ដោយមានមនុស្សចំនួន ២៥៦នាក់នៅលើនោះ ខណៈដែល២៤១នាក់ផ្សេងទៀតបានមកដល់តំបន់ Pidie ហើយទូកតូចមួយដែលផ្ទុកមនុស្សចំនួន ៣៦នាក់បានទៅដល់ភាគខាងកើតនៃខេត្ត Aceh។ អ្នកកាសែតមួយរូបរបស់ AFP ដែលបានឃើញទូកជនជាតិរ៉ូហ៉ីងយ៉ាចូលចតនៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Bireuen និយាយថា ជនភៀសខ្លួនទាំងនោះកំពុងត្រូវបានប្រមូលផ្ដុំឱ្យនៅទីជម្រកបណ្តោះអាសន្នមួយដើម្បីរង់ចាំការសម្រេចចិត្តពីអាជ្ញាធរលើ ជោគវាសនារបស់ពួកគេ ដែលភាគច្រើនមានសុខភាពល្អ។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៉ីងយ៉ាភាគច្រើនត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ប្រថុយជីវិតក្នុងការធ្វើដំណើរតាមសមុទ្រ និងជាញឹកញាប់ជិះទូកចាស់ៗ ដើម្បីព្យាយាមទៅដល់ម៉ាឡេស៉ី ឬ ឥណ្ឌូនេស៉ី៕ ដោយ៖ ធីរីណា