សម្តេច ហ៊ុន ម៉ាណែត ៖ ដីធ្លីមិនបានប្រើប្រាស់ក្រោម៥ហិកតា នឹងមិនជាប់ពន្ធនោះឡើយ
ដីដែលជាកម្មវិត្ថុមិនបានប្រើប្រាស់ ត្រូវតែកាត់ចេញ ៥ហិកតា ក្នុងមួយកន្លែង មានន័យថា ដីដែលមានទំហំក្រោម ៥ហិកតា លែងជាប់ពន្ធដីដែលមិនបានប្រើប្រាស់ទៀតហើយ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។ «កិច្ចការងារនេះពីដើមធ្លាប់កាត់១២០០ការ៉េ គិតថា ជាលំនៅដ្ឋាន ក្រោយមកលុប១២០០ការ៉េ យើងគិត ១០០លាន តែឥលូវយើងគិតកុំឱ្យពិបាក គឺ៥ហិចតាចុះ លែងគិតដីមិនប្រើប្រាស់ទៀតទេ»។
សម្តេច ហ៊ុន ម៉ាណែត បានបន្តថា គោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងណា ដើម្បីកុំឱ្យទិញដីទុកចោលធំពេក។
បើតាមសម្តេច ហ៊ុន ម៉ាណែត ការកំណត់យកពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺមានគោលបំណងចំនួនបួន រួមមាន ទី១ ជាឧបរណ៍ទប់ស្កាត់ការទិញដីធំៗរាប់សិបហិកតាទុកចោលមិនប្រើប្រាស់ សម្រាប់លក់ដំឡើងថ្លៃកេងចំណេញ ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដី,ទី២ ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, ទី៣ បង្កើតសកម្មភាពសេដ្ឋកិច្ច និងទី៤ ការប្រមូលចំណូលជាគុណប្រយោជន៍ដល់ថវិការាជរដ្ឋាភិបាលក្រោមជាតិ។
ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ចំពោះដីទំហំលើស៥ហិច អាចរួចពន្ធទៅបាន ក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋ, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។
សម្តេចបានសង្កត់ធ្ងន់ថា សម្រាប់ពន្ធលើដីធ្លីមិនប្រើប្រាស់ស្របតាមគោលការណ៍ខាងលើ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីដើមឆ្នាំ២០២៥តទៅ ពោលគឺក្នុងរយៈពេល១៣ខែជាអន្តរកាលជាពិសេសសម្រាប់អ្នកដែលមានដីធំ លើសពី៥ហិចតា ដើម្បីធ្វើការកែប្រែដីធ្លីរបស់ខ្លួន៕ កម្ពុជាថ្មី