ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖មេដឹកនាំអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ជាគូប្រជែងនៅក្នុងតំបន់ដែលទើបតែបានស្តារទំនាក់ទំនងការទូតនៅឆ្នាំនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅជំនួបកំពូលមួយដែលពួកគេបានអំពាវនាវអោយមានបទឈប់បាញ់មួយជាបន្ទាន់នៅហ្កាហ្សានិងបញ្ជូនជំនួយមនុស្សធម៌ដោយគ្មានលក្ខខណ្ឌចូលទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលបិទខ្ទប់នេះ។
សូមបញ្ជាក់ថាប្រទេសកាន់សាសនាអ៊ីស្លាមទាំងពីរ ទើបប្រកាសស្តារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញកាលពីខែមីនា តែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើហ្កាហ្សា ទំនងជាកាន់តែធ្វើអោយអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ត្រូវរ៉ូវគ្នាកាន់តែលឿនឡើង។
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី (Ebrahim Raisi) ត្រូវបានស្វាគមន៍នៅជំនួបកំពូលដោយមេដឹកនាំតាមការជាក់ស្តែងព្រះអង្គម្ចាស់ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់។មេដឹកនាំទាំងពីរបាននិយាយទូរស័ព្ទជាមួយគ្នាជាលើកដំបូងកាលពីប៉ុន្មានថ្ងៃមុនក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសចូលអ៊ីស្រាអែលកាលពីថ្ងៃ៧តុលា។ អ៊ីរ៉ង់បាននិយាយកាលពីខែមីនាថាលោករ៉ាយស៊ីបានទទួលការអញ្ជើញមួយអោយទៅធ្វើទស្សនកិច្ចអារ៉ាប៊ីសាអូឌីត ក្រោយប្រទេសទាំងពីរប្រកាសបន្តទំនាក់ទំនងនឹងគ្នាឡើងវិញ។
សូមបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមក្រោយពួកហាម៉ាសវាយចូលអ៊ីស្រាអែលខាងត្បូងកាលពីថ្ងៃ៧តុលា ដែលបានសម្លាប់មនុស្សប្រមាណ១.២០០នាក់និងចាប់មនុស្សប្រមាណ២៤០ធ្វើជាចំណាប់ខ្មាំង។
ចាប់តាំងពីពេលនោះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែករាប់ពាន់គ្រាប់លើតំបន់ហ្កាហ្សា បិទខ្ទប់តំបន់នេះដោយកាត់ផ្តាច់ទឹក ស្បៀង ប្រេងនិងរបស់របរត្រូវការចាំបាច់ផ្សេងៗ។បូករួមទាំងការវាយប្រហារជើងគោកនៅពេលក្រោយមកទៀត ជនប៉ាឡេស្ទីនជាង១១.០០០នាក់ស្លាប់ ភាគច្រើនជាកុមារនិងស្ត្រី ។
នៅជំនួបនៅក្រុងរីយ៉ាដ លោករ៉ាយស៊ី បានរិះគន់សហគមន៍អន្តរជាតិចំពោះការនៅស្ងៀមសំរាប់អ្វីដែលលោកហៅថា អំពើហិង្សាប្រព្រឹត្តឡើងដោយអ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីននៅហ្កាហ្សា។
អ៊ីស្រាអែលនិងអាម៉េរិក ប្រឆាំងនឹងបទឈប់បាញ់ណាមួយសំរាប់ពេលឥឡូវ ដោយថាការធ្វើដូច្នេះវានឹងទុកពេលអោយពួកហាម៉ាសរៀបចំកម្លាំងឡើងវិញ ទោះជាយ៉ាងណាក្រោមសម្ពាធពីអាម៉េរិក អ៊ីស្រាអែលអនុញ្ញាតអោយមានការផ្អាកការប្រយុទ្ធបណ្តោះអាសន្នតាមការជាក់ស្តែងសំរាប់មនុស្សធម៌ គឺអនុញ្ញាតអោយប្រជាជនចាកចេញពីតំបន់ប្រយុទ្ធនិងការហូរចូលជំនួយមនុស្សធម៌ខ្លះទៅក្នុងតំបន់ហ្កាហ្សា៕