ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នៅពេលយន្តហោះឈ្លបយកការណ៍អាម៉េរិកហោះពីលើដោយតាមដានសភាពការណ៍ជាប់ នាវាកងឆ្មាំសមុទ្រនិងនាវាប្រហែលទៅពីកងជីវពលសមុទ្រចិនបានដេញតាម ខាឃាំងនិងឡោមព័ទ្ធនាវាហ្វីលីពីនដែលព្យាយាមនាំគ្រឿងផ្គត់ផ្គង់ទៅអោយទាហានឈរជើងនៅតំបន់ទឹករាក់មួយក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសទាំងពីរអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន។
ក្នុងការប្រឈមមុខគ្នាអស់បួនម៉ោងកាលពីថ្ងៃសុក្រ នាវាឆ្មាំសមុទ្រចិនមួយបានបាញ់ទឹកដាក់ទូកហ្វីលីពីនមួយដែលព្យាយាមចូលទីកាន់តំបន់ថ្មប៉ប្រះទឹកថូម៉ាសសូលទីពីរ។
សូមបញ្ជាក់ថា ចិនអះអាងដែនទឹកធំល្វឹងល្វើយក្នុងសមុទ្រចិនខាងត្បូងដោយជាន់លើការអះអាងរបស់ប្រទេសក្បែរខាងមួយចំនួន រួមទាំងហ្វីលីពីន។អាម៉េរិក ជាសម្ពន្ធមិត្តចាស់វស្សារបស់ហ្វីលីពីន ហើយតែងតែបញ្ជូននាវានិងយន្តហោះមកបើកនិងហោះកាត់តំបន់នេះដើម្បីប្រឆាំងការអះអាងរបស់ចិន ក៏ដូចជាជំរុញសេរីភាពនាវាចរណ៍ និងការហោះកាត់។
ក្រៅពីបង្កើនកិច្ចសហការយោធាជាមួយហ្វីលីពីន អាម៉េរិកក៏ធានាថាខ្លួននឹងការពារសម្ពន្ធមិត្តរបស់ខ្លួន ក្នុងករណីហ្វីលីពីនរងការវាយប្រហារប្រដាប់អាវុធ។
មានការព្រួយបារម្ភថា ការប្រឈមមុខគ្នាកាន់តែញឹកញាប់ឡើងអំពីតំបន់ថ្មប៉ប្រះទឹកថូម៉ាសសូលទីពីរ(Second Thomas Shoal)អាចនឹងបង្កជម្លោះប្រដាប់អាវុធណាមួយដោយរុញចិនអោយប្រឈមុខជាមួយអាម៉េរិក។
មន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងមិនចាត់វិធានការណាដែលនឹងបង្កអោយមានជម្លោះធំឡើងតែក៏មិនរាថយក្នុងការការពារសិទ្ធិអធិបតេយ្យរបស់ប្រទេសនៅក្នុងសមុទ្រចិនខាងត្បូងដែរ។
ទោះជាវាចិនរារាំង ក៏ក្រុមនាវានិងទូកហ្វីលីពីននៅតែអាចចូលទៅដល់នាវាចម្បាំងកញ្ចាស់BRP Sierra Madre ដែលមានទាហានម៉ារីនមួយក្រុមតូចឈរជើងនៅទីនោះនិងបានចាកចេញមកវិញដោយគ្មានឧបទ្ទវហេតុ។
សូមបញ្ជាក់ថា ចិនបានប្រាប់អោយរដ្ឋាភិបាលទីក្រុងម៉ានីលអូសនាវាកញ្ចាស់នេះចេញពីដែនទឹករបស់ខ្លួន តែហ្វីលីពីនមិនព្រម។នាវាចម្បាំងសម័យសង្គ្រាមលោកលើកទីពីរ ដែលអាម៉េរិកផ្តល់អោយនេះអាចនៅដំណើរការបានខ្លះ ដូច្នេះបើមានការវាយប្រហារប្រដាប់អាវុធណាមួយ វាមានន័យថាជា«អំពើសង្គ្រាម»។
ហ្វីលីពីនបាននាំអ្នកកាសែតបរទេសនិងអ្នកសារព័ត៌មានក្នុងស្រុកតាមនាវាបីគ្រឿងរបស់កងឆ្មាំសមុទ្រហ្វីលីពីន ដើម្បីជួយធ្វើជាសាក្សីនៃការដឹកនាំគ្រឿងផ្គត់ផ្គង់ទៅកាន់នាវាBRP Sierra Madre។កាលពីថ្ងៃសុក្រ នាវាចិនប្រមាណ៣៨គ្រឿងត្រូវបានប្រទះឃើញនៅតំបន់ជុំវិញSecond Thomas Shoal រួមមាននាវាប្រយុទ្ធធុនលឿនមួយរបស់កងនាវាចិននិងនាវាពេទ្យមួយផង នេះបើតាមការអះអាងរបស់កងឆ្មាំសមុទ្រហ្វីលីពីន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រតិកម្មនឹងការប្រឈមមុខគ្នាកាលពីថ្ងៃសុក្រ ដោយបានបញ្ជាក់ឡើងវិញអំពីជំហររបស់ខ្លួនក្នុងការការពារសម្ពន្ធមិត្តចាស់បំផុតនៅអាស៊ីរបស់ខ្លួន ក្នុងការប្រឈមនឹងការរំខានឥតឈប់ពីសាធារណរដ្ឋប្រជាមានិតចិននៅសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសអាម៉េរិក បានធ្វើការព្រមានជាថ្មីថា «រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចការពារហ្វីលីពីនក្រោមសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ បើសិនជាកងកម្លាំង នាវារដ្ឋនិងយន្តហោះចម្បាំងហ្វីលីពីន រួមទាំងនាវានៅក្នុងកងឆ្មាំសមុទ្រហ្វីលីពីន រងការវាយប្រហារប្រដាប់អាវុធនៅកន្លែងណាក៏ដោយនៅសមុទ្រចិនខាងត្បូង»៕