ថៃបើកយុទ្ធនាការបោសសម្អាត ល្បែងស៉ីសងតាមអនឡាញ ដោយបានឆែកផ្ទះមេប៉ូលិសរងផងដែរ
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា កាលពីព្រឹកថ្ងៃចន្ទនេះ កងកម្លាំងប៉ូលិសនៅប្រទេសថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃម្នាក់ ដោយសកម្មភាពនោះគឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ដែលមានគោលដៅលើបណ្តាញល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ ផ្ទះនៅកណ្តាលរាជធានីបាងកករបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដែលជាអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែងក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆេរដោយកងកម្លាំងប៉ូលិសប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនោះត្រូវបានធ្វើឡើងពាក់ព័ន្ធការស៉ើបអង្កេតទៅលើវេបសាយល្បែងស៉ីសងមួយហៅថា «Betflix» ហើយនិងវេបសាយពាក់ព័ន្ធចំនួន១២ទៀត។ លោក ស៊ូរ៉ាឆេត បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុតាងឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនងជាមួយបណ្តាញល្បែងស៉ីសងអនឡាញណាមួយនោះទេ។…