ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១២-១៣ ខែធ្នូ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើង។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់សម្តីមន្ត្រីដែលបាននិយាយថា ចិននិងវៀតណាម គ្រោងឯកភាពគ្នាលើការងារអភិវឌ្ឍផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងគម្រោងឌីជីថលផងដែរ ខណៈដែលការព្រមព្រៀងគ្នាបែបនេះនាំឱ្យទីក្រុងហាណូយ កាន់តែខិតទៅរកទីក្រុងប៉េកាំង។
ការប្រកាសពីផែនការនេះធ្វើឡើងមុនពេលនៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមចាប់ពីថ្ងៃអង្គារ និងជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ហើយមិនយូរប៉ុន្មានបន្ទាប់ពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ទីនោះ។
កាសែតរដ្ឋវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ ដែលបានឱ្យដឹងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដើម្បីជំរុញផ្លូវរថភ្លើងរវាងទីក្រុងគុនមីង និងទីក្រុងកំពង់ផែ Haiphong រួមទាំងការតភ្ជាប់ផ្លូវដឹកជញ្ជូនផ្សេងទៀត ពីភាគខាងត្បូងប្រទេសចិនទៅកាន់ទីក្រុងហាណូយ។
ផែនការធ្វើឲ្យប្រសើរឡើងនូវផ្លូវដែក Kunming-Haiphong ដែល Reuters បានរាយការណ៍ជាលើកដំបូងកាលពីដើមខែធ្នូ ត្រូវឆ្លងកាត់តំបន់អណ្តូងរ៉ែកម្រដ៏ធំបំផុតរបស់វៀតណាម ដែលរហូតមកដល់ពេលនេះមិនទាន់អាចធ្វើអាជីវកម្មបានទេ ដោយសារតែខ្វះបច្ចេកវិទ្យាកែច្នៃ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *