ដោយៈ សុផល / ភ្នំពេញ៖ ចាប់តាំងពីបើកឱ្យដំណើរការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត ១,៩ លាន ក្នុងនោះ មានប្រមាណជាង ១,៤ លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ទាក់ទងនឹងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារ នៃផ្លូវល្បឿនលឿន តភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សាលើវឌ្ឍនភាព ការអនុវត្តការងារ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការ កន្លងមក។
នៅក្នុងអង្គប្រជុំនេះ លោកទេសរដ្ឋមន្ត្រី បានជជែកវាយតម្លៃ ពីភាគីពាក់ព័ន្ធ ដោយទទួល យកលើការអនុវត្តការងារ របស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នៃគម្រោងស្ថាបផ្លូវល្បឿន លឿន ភ្នំពេញ-ក្រុងព្រះសីហនុ MinConsults Sdn Bhd កន្លងមក។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំ ទាក់ទងនឹង ការបើកបរ លើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយ ទៅកាន់សាធារណជន និងសហការជាមួយ នគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។
ដោយឡែក ចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវ នៅតាមស្ថានីយ តម្រូវឱ្យមានការគូស ឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរ ចូលតាម គន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភ័ណភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំង ឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយ ក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមាន ការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលពន្ធផងដែរ៕ V / N