ដោយៈ វ៉ៃកូ / ស្វាយរៀង៖ ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែងជិត ៨០០ ម៉ែត្រ តភ្ជាប់ពី ផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់រមណីយដ្ឋាន ទួលយាយដូន និងតំបន់បន្ទាត់ព្រំដែន ដែលអាចជួយបញ្ចៀសការកកស្ទះចរាចរណ៍ បានមួយចំណែកផងនោះ កំពុងត្រូវបាន ស្ថាបនាលេចចេញជារូបរាងបណ្តើរៗហើយ ក្រោមការដឹកនាំស្ថាបនាពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីនានា ក្រោមឱវាទ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ បានមានប្រសាសន៍ឲ្យដឹងថា៖ ដោយបច្ចុប្បន្នប្រទេសកម្ពុជាយើង មានការអភិវឌ្ឍ រីកចំរើន ស្ទើរគ្រប់វិស័យ ហើយផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ច ។
ចំពោះក្រុងបាវិត ខេត្តស្វាយរៀងវិញ ក៏មានការអភិវឌ្ឍ និងរីកចំរើនផងដែរ ជាពិសេសគឺកំណើនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ទៅមកមានសភាពមមាញឹក ជាងមុន នាពេល បច្ចុប្បន្ន។
លោកអភិបាលក្រុង បានមានប្រសាសន៍បន្តទៀតថា៖ ចំពោះផ្លូវចាក់បេតុងអាមេ មួយខ្សែ ប្រវែងជិត ៨០០ ម៉ែត្រ ទទឹង ៨ម៉ែត្រកម្រាស់ ១,៥ តឹកនោះ គឺមានដាក់លូ និងស្តារ ប្រឡាយ ដើម្បីរំដោះទឹកភ្លៀង នារដូវវស្សា ពីភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ដែលជាការផ្តួចផ្តើមគិតគូរស្ថាបនា ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយប្រើថវិកាគុណប្រយោជន៍ខេត្ត ក្នុងការស្ថាបនា ដើម្បីសម្រួលក្នុងការធ្វើដំណើរ ដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍បានមួយ កម្រិតទៀត។
លោកអភិបាលក្រុងបាវិត ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេល ផ្លូវស្ថាបនារួចរាល់ សូមជួយថែរក្សាឱ្យបានគង់វង្ស យូរអង្វែង និងសូមឱ្យប្រជាពលរដ្ឋ បន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍ រីកចំរើនបន្ថែមទៀត៕/V-PC