ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ ដោយឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចរាចរណ៍ដឹកកសិផលផ្សេងៗប្រកបដោយសុវត្ថិភាព លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារថ្នាក់ស្រុកបានបើកការដ្ឋាន កែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៦០០ម៉ែត្រ នៅឃុំសាន់គ ក្រោមការឧបត្ថម្ភគាំទ្រពីក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ ទន្លេសាបជំហាន២ TSSD-AF ស្ថិតនៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣។ លោក អ៊ុត វណ្ណរ៉ា បានលើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានា ដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ ហើយ សមិទ្ធផលថ្មី នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត ក្នុងការចរាចរណ៍ប្រកបដោយសុវត្ថិភាព។
លោកអភិបាលស្រុកកំពង់ស្វាយបានបន្តថា ដើម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាពអាជ្ញាធរឃុំ អ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវសហការគ្នាពិនិត្យមើលដំណើរការសាងសង់ឲ្យត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធនាបានគុណភាព ប្រើប្រាស់បានយូរអង្វែង ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីឱ្យមូលដ្ឋានមានការរីកចម្រើន៕/R