ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ ណែនាំមន្ត្រី ប.ស.ស. ពង្រឹងការផ្ដល់សេវាសង្គមដល់មន្រ្តីរាជការ និងកម្មករនិយោជិតឱ្យបានល្អទាំងសម្ដី និងទំនុកចិត្ដ ដើម្បីធានាឱ្យការផ្តល់សេវាខាងលើមានគុណភាព និងទាន់ពេលវេលា

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។

លោក រដ្ឋមន្ត្រី ក៍បានជំរុញឱ្យបន្តយកចិត្តទុកដាក់និងលើកទឹកចិត្តក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដូចតទៅ៖- ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ- ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន- ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន- និងពង្រឹងការងារអភិបាលកិច្ច ដើម្បីធានាឱ្យការផ្តល់សេវាខាងលើមានគុណភាព និងទាន់ពេលវេលា។

ទន្ទឹមនោះលោក អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី (តំណាងរាជរដ្ឋាភិបាលមកពីអន្តរក្រសួង តំណាងនិយោជក និងតំណាងកម្មករនិយោជិត) ព្រមទាំងក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន ដៃគូរពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវ រហូតទទួលបាននូវសមិទ្ធិផលគួរជាទីមោទនៈ។ បេឡាជាតិសន្តិសុខសង្គម ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដែលមានក្រសួងជាអាណាព្យាបាលពីរ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។

លោកអ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។

លោក បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤ ៣៥២សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២ ៧០៦នាក់។ ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។

ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល៕

By sin

Leave a Reply

Your email address will not be published. Required fields are marked *