ប្រទេសកូរ៉េខាងជើង៖ទីភ្នាក់ងារព័ត៌មានរដ្ឋកុំមុយនិសកូរ៉េខាងចើង(KCNA)បានឲ្យដឹងថា៖ គណៈកម្មាធិការកណ្តាលរបស់បក្សត្រូវបន្តកិច្ចប្រជុំ នៅក្នុងសប្តាហ៍នេះ ដើម្បីវិភាគគ្រប់គ្រងកម្មវិធីបដិវត្តជនបទក្នុងសករាជថ្មី។ កិច្ចប្រជុំបក្សផ្តោតសំខាន់ទៅលើការងារសំខាន់ និងបន្ទាន់ ក្នុងកាលៈទេសៈដែលប្រទេសត្រូវដោះស្រាយបញ្ហាកសិកម្មដែលអ្នកជំនាញ និងអង្គការអន្តរជាតិកំពុងព្រួយបារម្ភពីការបញ្ហាខ្វះស្បៀង នៅកូរ៉េខាងជើង។a kim food1
អ្នកនាំពាក្យរបស់ក្រសួងកូរ៉េខាងត្បូង ដើម្បីការបង្រួបបង្រួមកូរ៉េបានបង្ហាញថា កូរ៉េខាងជើងកំពុងជួបបញ្ហាខ្វះស្បៀងធ្ងន់ធ្ងរ និងថា កូរ៉េខាងត្បូងបានទទួលសេចក្តីរាយការណ៍ដែលថា មានមនុស្សស្លាប់ ដោយសារគ្រោះអត់ឃ្លាន នៅកូរ៉េខាងជើង។ នៅសប្តាហ៍មុននេះ រូបភាពផ្កាយរណបរបស់អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញពីការធ្លាក់ចុះ នៃការផលិតស្បៀង នៅកូរ៉េខាងជើង។ តាមធម្មតា កូរ៉េខាងជើងត្រូវការស្បៀង ៥,៥លានតោនសម្រាប់ចិញ្ចឹមប្រជាជន២៥លាននាក់របស់ខ្លួន។ ប៉ុន្តែ នៅឆ្នាំមុននេះ កូរ៉េខាងជើងផលិតបានតែ ៤,៥លានតោនប៉ុណ្ណោះ មានន័យថា នៅខ្វះ១លានតោនសម្រាប់ចិញ្ចឹមប្រជាជន នៅឆ្នាំនេះ។គ្រោះអត់ឃ្លាន ដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ ១៩៩០ នៅកូរ៉េខាងជើងបានសម្លាប់មនុស្សជិត ១លាននាក់។ ទោះជាកូរ៉េខាងជើងមិនជួបគ្រោះទុរភិក្ស ដែលអាចសម្លាប់មនុស្សច្រើនដូចទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា បញ្ហាខ្វះស្បៀង សព្វថ្ងៃ នឹងអាចសម្លាប់មនុស្សច្រើន នៅកូរ៉េខាងជើង។
មានការវាយតម្លៃថាកូរ៉េខាងជើងធ្លាប់ជួបបញ្ហាខ្វះស្បៀង ជាញឹកញយ ដោយសារ គ្រោះធម្មជាតិផង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយសារកម្មវិធីផលិតនុយក្លេអ៊ែរផង។ នៅចុងឆ្នាំមុន ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្លាប់ទទួលស្គាល់ថា កូរ៉េខាងជើងជួបបញ្ហាខ្វះស្បៀងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាប់ៗគ្នា។ ដោយសារតែខ្វះហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីជនបទ កូរ៉េខាងជើងងាយនឹងរងគ្រោះខូចខាត ខ្លាំង នៅរាល់ពេលមានគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួត។បន្ថែមពីលើគ្រោះធម្មជាតិ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ នៅ៣ឆ្នាំមកនេះ បានរឹតបន្តឹង ការនាំចូលទំនិញ ជាពិសេស ពីប្រទេសចិន ដែលផ្គត់ផ្គង់៩០%នៃទំនិញនាំចូលកូរ៉េខាងជើង។ តាមការចុះផ្សាយរបស់វិបសៃតិ៍ 38 North.org តម្លៃពោតបានកើនឡើង២០% បន្ទាប់ពីប្រជាជនកូរ៉េខាងជើងសម្រុកទិញសម្រាប់ធ្វើស្បៀងជំនួសអង្ករ ដែលមានតម្លៃខ្ពស់កប់ពពក។
សម្រាប់អ្នកជំនាញ កូរ៉េខាងជើងអាចជួបគ្រោះទុរភិក្សសាជាថ្មី ក៏ដោយសារតែនយោបាយដឹកនាំមិនត្រឹមត្រូវរបស់លោកគីម ជុងអ៊ុន នៅប៉ុន្មានឆ្នាំមកនេះ ដែលផ្តោតការចំណាយភាគច្រើនទៅលើកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ជាជាងគិតទៅដល់សុខទុក្ខរបស់ប្រជាជន។នៅពេលប្រទេសកំពុងប្រឈមនឹងបញ្ហាខ្វះស្បៀង កូរ៉េខាងជើងគិតតែពីសម្រួចកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបានបង្កើនការបាញ់សាកល្បងមីស៊ីលដល់ទៅ ៧០គ្រាប់ កាលពីឆ្នាំមុន។ មិនយកចិត្តទុកដាក់ជួយប្រជាជនហើយ រដ្ឋអំណាចកូរ៉េខាងជើងនៅបានបែរខ្នង បដិសេធមិនទទួលជំនួយបរទេស។ នៅសប្តាហ៍មុន ទីភ្នាក់ងារKCNAបានសរសេរថា រាល់ជំនួយបរទេស គឺជាស្ករគ្រាប់បង្កប់ដោយថ្នាំពុល ដែលមានគោលដៅសំខាន់ គឺលួច និងដាក់ប្រទេសដែលទទួលជំនួយ ឲ្យក្រោមអំនាចរបស់បរទេស។នៅ ឆ្នាំមុន របាយការណ៍របស់អង្គការសហប្រជាជាតិវាយតម្លៃថា ប្រជាជនកូរ៉េខាងជើង ប្រមាណ១០លាននាក់ ស្មើនឹង៤០%នៃប្រជាជនសរុប រងគ្រោះខ្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើង គិតចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ការិយាល័យ ដើម្បីការសម្របសម្រួលជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិបានបង្ហាញថា នៅ ឆ្នាំមុន កូរ៉េខាងជើងបានទទួលជំនួយប្រមាណ ២,៣លានដុល្លារ ពី អង្គការអន្តរជាតិ និងស្ថាប័នបរទេស ពោលគឺធ្លាក់ចុះ ពី ចំនួន ១៤លានដុល្លារ នៅឆ្នាំ ២០២១។