ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ នៅក្នុង​ការវិឌ្ឍដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដ្រូ​ន​ថ្មី​របស់​បារាំង​ឈ្មោះថា Aarok បាន​លេចចេញ​រូបរាង​គំរូ នៅមុន​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម Paris Air Show នៅ​សប្តាហ៍​ក្រោយ​។ ប្រព័ន្ធដ្រូ​ន Aarok ឬ UAS គឺជា​ការបន្ថែម​ថ្មី​មួយ​ចំពោះ​វិស័យ​ដែនអាកាស​រយៈកម្ពស់​មធ្យម​បើកបរ​បានយូរ (MALE) និង​មាន​គោលបំណង​ហោះហើរ​ស៊ើប​ការណ៍ ឃ្លាំមើល និង ឈ្លប ក៏​ដូចជា​បេសកកម្ម​វាយប្រហារ​ផងដែរ​។ សម្រាប់​បេសកកម្ម​វាយប្រហារ វា​គ្រោង​នឹង​ប្រើ​សម្រាប់​ដឹក​គ្រាប់​បញ្ជា​ទិស AASM ផលិត​ដោយ​បារាំង​ដែល​មាន​សមត្ថភាព​បាញ់​បាន​ឆ្ងាយ​និង​​ផ្ទុក​ក្បាល​គ្រាប់​ផ្សេងគ្នា​។​

Aarok គឺ​ជា​ផលិតផល​របស់​អ្នកម៉ៅការ​ការពារជាតិ​បារាំង​ដែល​គេ​មិនសូវ​ស្គាល់​ពី​មុន គឺ​ក្រុមហ៊ុន Turgis & Gaillard​ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ជា​លំដាប់​នៅក្នុង​ប្រទេស​កំណើត​​របស់ខ្លួន រហូត​ឈានដល់​ការចេញ​ដ្រូ​ន​គំរូ Aarok​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​។ ដោយ​មាន​ទម្ងន់​ប្រហែល ៥,៤ តោន​ពេល​ហោះ​ឡើង ដ្រូ​ន​នេះ​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​លើ​ទំហំ​របស់​វា​។ ស្លាប​ប្រវែង ២២ ម៉ែត្រ​របស់​វា​ពិតជា​មាន​ទំហំ​ធំ​ជាង​ដ្រូ​ន​របស់​អាម៉េរិក MQ-9A Reaper ដែល​មាន​ស្លាប​ប្រវែង ២១ ម៉ែត្រ ប៉ុន្តែ​តួ​ដ្រូ​ន​នេះ​មាន​ភាព​សំពីងសំពោង​ជាង​បើ​ធ្វើ​ការប្រៀបធៀប​។​

​ថាមពល​សម្រាប់​ដ្រូ​ន Aarok គឺ​ចេញពី​ម៉ាស៊ីន Pratt & Whitney Canada PT6 turboprop ដែល​មាន​កម្លាំង ១.២០០ សេះ ដែល​ពឹង​លើ​ស្លាបចក្រ​ធម្មតា​នៅ​ក្បាល​របស់​វា​។ នៅពេល​អនាគត ក្រុមហ៊ុន Turgis & Gaillard គ្រោង​នឹង​ដំឡើង​ម៉ាស៊ីន Safran Ardiden 3 ឬ GE Aviation Catalyst turboprop​។​

​ក្រៅពី​ទម្ងន់​ហោះហើរ​អតិបរមា ៥,៤ តោន ចំណុច​ផ្សេង​ទៀត​របស់ដ្រូន Aarok រួម​មាន​ទម្ងន់​ទទេ​ប្រហែល ២,៥ តោន និង ការផ្ទុក​ទម្ងន់​អតិបរមា​បាន ២.៧២១ គីឡូក្រាម រួមទាំង​អាវុធ​រហូត​ដល់​ទម្ងន់ ១.៥០០ គីឡូក្រាម​។​

​ដ្រូ​ន​នេះ​អាច​ហោះហើរ​ឥត​ឈប់​បាន​ជាង​២៤​ម៉ោង​។ សមត្ថភាព​នេះ​ធ្វើឱ្យ​ដ្រូ​ន Aarok ស្ថិត​ក្នុង​ប្រភេទ​ស្រដៀង​នឹង​ដ្រូ​ន MQ-9A Reaper ដែល​ដាក់​ឱ្យ​ប្រើ​រួចជាស្រេច​ក្នុង​កងទ័ពអាកាស​បារាំង​។

​លក្ខណៈពិសេស​បំផុត​របស់ដ្រូន​នេះ​គឺ​ការអាច​ចុះចត​លើផ្លូវ​រដិបរដុ​បបាន​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *