សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឯកជន បានស្នើឲ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប ដែលធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក មិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
បើសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងន័យនេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការ ដូចជា៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនមែនតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ខុសច្បាប់ នោះទេ។
ម្យ៉ាងទៀត ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឲ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួល នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ ក្នុងរូបភាពផ្សេងៗ។
ក្នុងនោះ ក៏ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពី ការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឲ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពប្រជាជន ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្ត ជាធរមាន។
ចំណែកឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជារជាតិតែមួយ សម្រាប់ការសម្រួលការស្នើសុំលិខិតអនុញ្ញាតឲ្យបានលឿន៕