ខេត្តឧត្តរមានជ័យ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលយកកាំបិតចុងស្រួចចាក់និងអារ.កជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី ។
ករណីឃាតកម្មនេះបានកើតឡើងនៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្ក ឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ កាប់ និងអារ.កជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តបានចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
នៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២៤សមត្ថកិច្ចបាននាំជនសង្ស័យត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងខណៈកំពុងសួរនាំ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអារកជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន។ បន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយកទូរស័ព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ។
មូលហេតុ ដោយសាររូបខ្លួនជំពាក់ប្រាក់ជនរងគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន៕