សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា មីស៉ីលរបស់រុស្ស៉ីដែលបានវាយប្រហារលើទីក្រុងធំៗចំនួន ២ បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ របួសចំនួន១៣០នាក់ ហើយបានបំផ្លាញផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធនានា។
ទីក្រុងភាគខាងកើតនៃតំបន់ Kharkiv រងការវាយប្រហារចំនួន ៣លើក ខណៈដែលទីក្រុងកៀវ និងនៅភាគកណ្តាលអ៊ុយក្រែន រួមទាំងភាគខាងត្បូងនៃតំបន់ Kherson ទទួលរងនូវការបាញ់ផ្លោងឥតឈប់ឈរ។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានបាញ់មីស៉ីលជិត ៤០ប្រភេទខុសៗគ្នា ក្នុងលក្ខណៈវាយប្រហាររួមដើម្បីគេចពីប្រព័ន្ធការពារដែនអាកាស។ ទីតាំងជាង ២០០ត្រូវបានវាយប្រហារ ក្នុងនោះរួមមាន ១៣៩ខ្នងផ្ទះ ដោយអ្នកស្លាប់ច្រើនរស់នៅក្នុងអគារ ផ្ទះល្វែង។
អភិបាលក្រុង និងអាជ្ញាធរតំបន់ Kharkiv បាននិយាយថា មានមនុស្ស៨នាក់ស្លាប់នៅក្នុងទីក្រុង ដែលរងការវាយប្រហារជាញឹកញាប់មួយនេះ។ អគារខ្ពស់ជាង ១០០បានរងខូចខាតនៅក្នុងការវាយប្រហារ ២លើកដំបូង ហើយការវាយប្រហារ ៣លើកទៀតនៅពេលល្ងាចទៅលើប្លុកផ្ទះល្វែងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតធ្វើឲ្យមនុស្ស៧នាក់រងរបួស ។ កងកម្លាំងការពារអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៉ីល ២២ក្នុងចំណោម ៤៤ប្រភេទ។
ចាប់តាំងពីបើកការឈ្លានពានកាលពីឆ្នាំ ២០២២ រុស្ស៉ីតែងតែធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់អ៊ុយក្រែនដែលនៅឆ្ងាយពីតំបន់សមរភូមិជួរមុខ៕ ដោយ៖ ធីរីណា