អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបាញ់កាំភ្លើងធំចំនួន 60 គ្រាប់ចូលទៅក្នុងដែនទឹកក្បែរកោះ Yeonpyeong របស់កូរ៉េខាងត្បូង ដែលជាលើកទីពីរក្នុងសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានដកស្រង់ព័ត៌មានពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលនិយាយថា នៅរសៀលថ្ងៃទី៦ ខែមករា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង៦០គ្រាប់ ចូលទៅក្នុងសមុទ្រក្បែរកោះ Yeonpyeong របស់កូរ៉េខាងត្បូង ដែលជាលើកទី២ ក្នុងសប្តាហ៍ដែល ទីក្រុងព្យុងយ៉ាងបានបាញ់កាំភ្លើងធំ។
យោងតាម យ៉ុនហាប់ ពីមុនកាលពីថ្ងៃទី ៥ ខែមករា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំជាង ២០០ គ្រាប់ចូលទៅក្នុងសមុទ្រចម្ងាយ ៧០ គីឡូម៉ែត្រពីកោះ Yeonpyeong និង Baengnyeong ដែលបណ្តាលឱ្យមន្ត្រីក្រុងសេអ៊ូលត្រូវជម្លៀសជនស៊ីវិលជាបន្ទាន់។
អគ្គសេនាធិការចម្រុះបាននិយាយថា ក្នុងពេលទាំងពីរនេះ ការបាញ់ផ្លោងកាំភ្លើងធំរបស់កូរ៉េខាងជើង គឺសំដៅលើដែនទឹកជាប់ព្រំដែនភាគខាងជើង (ខ្សែបន្ទាត់កំណត់ព្រំដែនទឹកកូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង)។
យោធាកូរ៉េខាងត្បូងបានព្រមានថា ការបន្តបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើងចូលទៅក្នុងសមុទ្រខាងលិច គឺជាទង្វើ “បង្កហេតុ” ដែលនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពស្រដៀងគ្នានេះ៕ ដោយ៖ ធីរីណា