រុស្ស៊ីបានបើកការវាយប្រហារដោយមិស៊ីលដែលមានសមត្ថភាពខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់មន្ត្រីទីក្រុងគៀវពីការបាត់បង់ទីក្រុងបន្ថែមទៀតដោយសារតែការផ្តល់ជំនួយយឺតយ៉ាវពីបណ្តាប្រទេសលោកខាងលិច។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យានៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា អ៊ុយក្រែននឹងសងសឹកយ៉ាងចាស់ដៃប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅក្នុងឆ្នាំ២០២៤នេះ បើទោះជាកញ្ចប់ជំនួយយោធាថ្មីពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកកំពុងជាប់គាំងក៏ដោយ។
សារអបអរឆ្នាំសកលរបស់លោក ហ្សេលេនស្គី ធ្វើឡើងមិនដល់ ៧២ម៉ោងស្រួលបួលផង បន្ទាប់ពីទីក្រុងមូស្គូបាញ់មីស៊ីលជាច្រើនគ្រាប់និងយន្ដហោះដ្រូនជាច្រើនគ្រឿងដាក់លើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដោយសម្លាប់មនុស្ស ៣៩នាក់ ដែលនេះការជាការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
តាមលោក ហ្សេលេនស្គី ក្នុងឆ្នាំ២០២៤នេះ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោច១លានគ្រឿងនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ខណៈត្រៀមនឹងទទួលបានយន្ដហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តលោកខាងលិច។ ចំណែកលោក ពូទីន វិញ មិនបាននិយាយពីសង្រ្គាមអ៊ុយក្រែននៅក្នុងសុន្ទរកថាអបអរឆ្នាំសកលនោះទេ ផ្ទុយពីសុន្ទរកថាកាលពីឆ្នាំមុន។
ទោះជាទទួលបានជំនួយជាអាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារពីលោកខាងលិចក៏ពិតមែន ក៏អ៊ុយក្រែនមិនអាចសម្រេចបាននូវជោគជ័យធំដុំណាមួយឡើយ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៉ី កាលពីឆ្នាំ២០២៣។ ព្រមពេលជាមួយគ្នា ទីក្រុងមូស្គូថែមទាំងបានបង្កើនការវាយលុកនៅតាមសមរភូមិ ដោយដណ្ដើមបានទីក្រុង Marinka កាលពីខែធ្នូកន្លងទៅ និងកំពុងបង្កើនការវាយលុកដើម្បីគ្រប់គ្រងទីក្រុង Kupiansk ស្ថិតនៅភាគឦសានអ៊ុយក្រែន៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *