បិតាផ្តួចផ្តើមក្នុងការបង្កើតសហគមន៍អឺរ៉ុប លោក Jacques Delors អតីតប្រធានគណៈកម្មការអឺរ៉ុប (EC) បានទទួលមរណភាពក្នុងជន្មាយុ ៩៨ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីស-ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែធ្នូ។
លោក Delors គឺជាអ្នកគាំទ្រដ៏ខ្លាំងនៃសមាហរណកម្មអឺរ៉ុបក្រោយសង្គ្រាម ហើយត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដែលនៅពីក្រោយកំណើតនៃប្រាក់អឺរ៉ូ (រូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប) និងការបង្កើតទីផ្សាររួមរបស់ប្លុកនេះ។
យោងតាមកាសែត The Guardian ប្រធានាធិបតីបារាំងលោក Emmanuel Macron គឺជាមនុស្សដំបូងគេដែលសម្តែងការកោតសរសើរចំពោះលោក Delors ។ លោក Macron បានចាត់ទុកថាជា៖ “រដ្ឋបុរសនៃជោគវាសនារបស់ប្រទេសបារាំង។ ស្ថាបត្យករដ៏អស្ចារ្យម្នាក់នៃទ្វីបអឺរ៉ុប។ អ្នកប្រយុទ្ធដើម្បីយុត្តិធម៌មនុស្ស។ លោក Jacques Delors បំពេញនូវអ្វីៗទាំងអស់នេះ។ ការប្តេជ្ញាចិត្ត ឧត្តមគតិ និងភាពស្មោះត្រង់របស់គាត់នឹងជំរុញយើងជានិច្ច។ ខ្ញុំកោតសរសើរចំពោះអាជីពរបស់គាត់ និងកេរដំណែល ហើយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារគាត់»។
លោក Delors បានបម្រើការជាសមាជិកសភាអ៊ឺរ៉ុបពីឆ្នាំ 1979-1981 និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី François Mitterrand ពីឆ្នាំ 1981-1984 ។
លោក Delors ជាប្រធានគណៈកម្មការអឺរ៉ុបបីអាណត្តិពីឆ្នាំ 1985 ដល់ចុងឆ្នាំ 1994 យូរជាងអ្នកផ្សេងទៀតកាន់តំណែងនេះ។ ក្នុងអំឡុងពេលនោះ លោកបានផ្សព្វផ្សាយអំពីការដាក់ឱ្យប្រើប្រាស់ទីផ្សារតែមួយនៅអឺរ៉ុប ដែលចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ1993 និងបានអនុញ្ញាតឱ្យមានចលនាដោយសេរីនៃមនុស្ស មូលធន ទំនិញ និងសេវាកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអធិប្បាយថា លោក Delors គឺជាស្ថាបត្យករឆ្នើមនៃសហភាពអឺរ៉ុបសម័យទំនើប ហើយថាតើនរណាម្នាក់យល់ស្របឬមិនយល់ស្របនឹងចក្ខុវិស័យរបស់គាត់ មនុស្សម្នាក់ត្រូវតែទទួលស្គាល់គាត់ថាជាឥស្សរជននយោបាយឆ្នើមម្នាក់៕ ដោយ៖ ធីរីណា