ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អង្គការ​ណា​សាបាន​សរសេ​រលើ Twitter​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​ថា អាចម៍ផ្កាយ​ដែល​ទើប​រកឃើញ​ថ្មី​មួយ​មាន​ឱកាស​តិច​ណាស់​ក្នុង​ការបុក​ទង្គិច​នឹង​ផែនដី​ក្នុង​ឆ្នាំ​២០៤៦​។​

​ប្រសិនបើ​វា​បុក​មែន អាចម៍ផ្កាយ​ដែលមាន​ទំហំ​ប៉ុន​អាង​ហែល​ទឹក​អូឡាំពិក​នេះ​អាច​នឹង​មកដល់​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់ឆ្នាំ ២០៤៦ នេះ​បើ​យោង​តាម​ការ​គណនា​រប​ស់ណា​សា​។​

​ណា​សា​និយាយថា គម្លាត​កៀក​បំផុត ដែល​អាចម៍ផ្កាយ​នេះ​រំពឹង​មក​ជិត​ផែនដី គឺ​ប្រហែល ១,៨ លាន​គីឡូម៉ែត្រ​។​

​ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​កំពុង​ប្រមូល​ទិន្នន័យ ដែល​ពួកគេ​និយាយថា​អាច​ផ្លាស់ប្តូរ​ការព្យាករណ៍​។​

​អាចម៍ផ្កាយ​ឈ្មោះ 2023 DW នេះ​មាន​ឱកាស​ប្រហែល ១ ក្នុងចំណោម ៥៦០ ក្នុង​ការបុក​ផែនដី នេះ​បើ​យោង​តាម​ណា​សា​។ វា​ជា​ថ្ម​អវកាស​តែមួយ​គត់​នៅ​ក្នុង​បញ្ជី​ហានិភ័យ​របស់​ណា​សា​ដែល​ជាប់​ចំណាត់​​ថ្នាក់​លេខ ១ នៅលើ​មាត្រដ្ឋាន​គ្រោះថ្នាក់ Torino Impact Hazard ។​

​មាត្រដ្ឋាន ដែល​រាប់​ចាប់ពី ០ ដល់ ១០ គឺ​វាស់​ហានិភ័យ​នៃ​វត្ថុ​អវកាស​បុក​ជាមួយ​ផែនដី​។ វត្ថុ​ផ្សេងទៀត​ទាំងអស់​នៅលើ​មាត្រដ្ឋាន​ចំណាត់ថ្នាក់ 0 គឺ​បង្ហាញ​ថា​គ្មាន​ហានិភ័យ​សម្រាប់​ការបុក​ទង្គិច​នោះទេ​។​

​មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់​ណា​សាបាន​និយាយថា មាត្រដ្ឋាន​លេខ ១ មានន័យថា ការបុក​ទង្គិច​ពិតប្រាកដ​គឺ​មិន​ទំនង​កើតឡើង​ទេ ហើយ​គ្មាន​ហេតុផល​សម្រាប់​ការព្រួយបារម្ភ​ជា​សាធារណៈ​នោះ​ទេ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *