ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់។ នេះបើយោងតាមក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤១ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលដំណឹងថា ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឱ្យរថយន្តដឹកកម្មករនិយោជិតក្រឡាប់ កាលពីវេលាម៉ោង ៥ និង ២៥នាទីព្រឹក ថ្ងៃ អង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ ជាតិលេខ៤១ គីឡូម៉ែត្រលេខ២៣ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់ (មិនមែន ជាសមាជិក ប.ស.ស.)។ កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមវេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសីទាំងអស់។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ បានជាសះស្បើយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *