ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលវេលាម៉ោង ១៩ និង ២០នាទីយប់ ថ្ងៃទី២៣ មិថុនា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលឃាត់ខ្លួនបានសុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម (+) រួមមាន៖ ១-ឈ្មោះ គុយ សុវណ្ណារិទ្ធ ហៅម៉ូម ភេទ ប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ -សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ដែលមានដីកាចាប់ ខ្លួនចំនួន ២ដីកា ចេញដោយសាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធបទជួញដូរគ្រឿងញៀន កាលពីថ្ងៃទី១៥ មិថុនា ២០២៣, ២-ឈ្មោះ ម៉ៅ ម៉ារ៉ាឌី ហៅនៅ ភេទប្រុសអាយុ ៤២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅនិង ៣-ឈ្មោះ មុជ សីហា ហៅហា ភេទប្រុសអាយុ៣៤ឆ្នាំទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក)៦កញ្ចប់ទម្ងន់ ១៤១,៥៤ ក្រាម, ទូរស័ព្ទដៃម៉ាក Samsung ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១, ម៉ូតូ២គ្រឿង (ម៉ាក Honda C125 ១គ្រឿង និងម៉ាក Honda ZoomerX ១ គ្រឿង), កាបូបស្ពាយចំហៀង១,កាបូបដៃ១, អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, កាតធនាគារវីង ០២សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១សន្លឹក និងប្រាក់រៀល ៧២.០០០រៀល។
លោកអធិការបានបន្តថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានការចែកចាយគ្រឿងញៀននៅភូមិព្រែកឫស្សីលិច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានចុះទៅដល់ចំណុចកើតហេតុ និងប្រទះឃើញជនសង្ស័យទាំង ៣នាក់ កំពុងអង្គុយនៅផ្ទះឈ្មោះ ម៉ៅ ម៉ារ៉ាឌី ហៅនៅ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានសួរនាំ និងឆែកឆេរ រកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៦ កញ្ចប់ (ធំ ០១កញ្ចប់, មធ្យម ០២កញ្ចប់, តូច០៣កញ្ចប់) ទម្ងន់សរុប ១៤១,៥៤ក្រាម ដែលឈ្មោះ គុយ សុវណ្ណារិទ្ធ ហៅម៉ូម បានលាក់ទុកក្នុងកាបូបស្ពាយចំហៀងខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ គុយ សុវណ្ណារិទ្ធ ហៅម៉ូម ឆ្លើយសារភាពថា ថ្នាំញៀនទាំង ៦កញ្ចប់នោះជារបស់ខ្លួន ពិតជាបានទិញពីស្ត្រី ទេព ស្រីពៅ នៅពន្ធនាគារព្រៃស ក្នុងតម្លៃ ៨០០ដុល្លារ ដោយទាក់ទងតាមរយៈទូរស័ព្ទ និងផ្ញើលុយតាមវីង។ ស្ត្រី ទេព ស្រីពៅ តែងប្រាប់ទីតាំងយកថ្នាំនៅម្តុំក្តាន់ពីរ ខណ្ឌ ទួលគោក ឬតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ។ ជន សង្ស័យរូបនេះបានសារភាពទៀតថា ខ្លួនធ្លាប់ទិញថ្នាំពីឈ្មោះ ទេព ស្រីពៅ ចំនួន ១០ដងមកហើយ ដោយទិញយកមកលក់បន្តបានតម្លៃ ១.១០០ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕


