ខេត្តបាត់ដំបង៖ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា ស្ថានភាពច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានដំណើរការដឹកជញ្ជូនទំនិញចេញ ចូលជាធម្មតា។

នេះបើតាមការផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្ត បាត់ដំបង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយលោកអភិបាលរងខេត្តបាត់ដំបង បញ្ជាក់យ៉ាងដូច្នេះទៀតថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនទាំង៥ ក្នុងខេត្តបាត់ដំបង បានបើក និងបិទដំណើរការជាធម្មតា ​ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ថ្នាក់ដឹកនាំ ​ដោយខាងកម្ពុជា ដំណើរការបើកនៅវេលាម៉ោង៩និង០០នាទីព្រឹក និងបិទនៅវេលាម៉ោង ៤និង០០នាទី រសៀល។ ដោយឡែក ខាងភាគីថៃ ឱ្យដំណើរការបើកនៅវេលាម៉ោង៨និង០០នាទីព្រឹក និងបិទនៅវេលាម៉ោង៤និង០០នាទី រសៀលដូចគ្នា។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ប្រជាពលរដ្ឋ និងពលករខ្មែរ បានធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានចំនួនសរុប ១.១៨០នាក់ ស្រីចំនួន៤៩៧នាក់ និងកុមារ១នាក់ និងធ្វើដំណើរចេញសរុបចំនួន១.០៨០នាក់ ស្រីចំនួន ៤៨៩ នាក់ និងកុមារចំនួន៣នាក់ ។

ចំពោះរថយន្តកម្ពុជា ដឹកទំនិញចូលប្រទេសថៃ មានចំនួន៥គ្រឿង, រថយន្តកម្ពុជា ចូលទៅដឹកទំនិញចេញពីប្រទេសថៃ ចំនួន ២៧៨គ្រឿង, រថយន្តថៃដឹកទំនិញចូលចំនួន១៣៣គ្រឿង និងរថយន្តថៃ ចូលមកដឹកកសិផលមានចំនួន៨គ្រឿង ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ក៏បានបង្ហាញឱ្យដឹងដែរថា ទំនិញនាំចូលពីប្រទេសថៃរួមមាន ម៉ូតូ គ្រឿងអេឡិចត្រូនិក គ្រឿងសំណង់ និងសម្ភារផ្ទះបាយ គ្រឿងឧបភោគ បរិភោគ គ្រឿងសមុទ្រ ផ្លែឈើ ភេសជ្ជៈ អីវ៉ាន់បញ្ញើ និងជីកសិកម្ម ហើយទំនិញនាំចេញទៅប្រទេសថៃរួមមាន ​កសិផលម្រេច ​និងអីវ៉ាន់បញ្ញើ។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀតថា នៅវេលាម៉ោង ៧ព្រឹក សមត្ថកិច្ចច្រកព្រំដែនអន្តរជាតិដូង និងច្រកតំបន់ព្រំដែនអូររំដួល បានសម្របសម្រួលបើកទ្វារថ្មើរ ជើង ដើម្បីឱ្យកូនសិស្សចេញ-ចូលទៅរៀនជាធម្មតា ៕នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ