ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកឆ្លងផ្លូវដូចគ្នារុញផ្ទប់ដើមឈើ ខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង ១២ និង ១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BF-6193បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BY-7674បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជាបួនមិនបានប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រចំពីមុខចំហៀងខាងឆ្វេងរុញទៅបុកផ្ទប់នឹងដើមស្វាយមួយដើមបណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕


