ភ្នំពេញ៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់- អចលន ទ្រព្យនៅបន្តកំណើនទាប។
លោកបញ្ជាក់ថា ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់និងសកលនិងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥, សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំ ចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។
ការបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឱ្យក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងមានការចូលរួមពីលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម និងលោក Jochen M. Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, ឡាវ និងវៀតណាម ជួបប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ រួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម ប៉ុន្តែជាមួយគ្នានេះក៏មានកាលានុវត្តភាពមួយចំនួន សម្រាប់កម្ពុជាផងដែរ ដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ។ ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយចម្បងៗមួយចំនួន ដែលមាននិន្នាការស្របគ្នាទៅនឹងការគិតគូរ របស់រាជរដ្ឋាភិបាលរួមមាន៖
១. ការរក្សាជំហរគោលនយោបាយ ពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន (Gradual Fiscal Consolidation Stance) សំដៅកសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ,
២. ការពង្រឹងការកៀរគរចំណូល តាមរយៈការដាក់ចេញឱ្យអនុវត្តនូវ យុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់,
៣. ការធ្វើអាទិភាវូបនីយកម្មចំណាយឱ្យស្របតាមតម្រូវការនៃការអភិវឌ្ឍ ជាមួយនឹងការផ្តល់អាទិភាពខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ,
៤. ការបន្តអនុវត្តគោលនយោបាយ ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការបន្តពង្រឹងក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ និង
៥. ការបន្តជំរុញពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ។
ជាមួយគ្នានេះ, មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏លើកទឹកចិត្តដល់ស្ថាប័នសាធារណៈ ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវការចែករំលែកទិន្នន័យ ក៏ដូចជាបន្តពង្រឹងគុណភាពទិន្នន័យ សំដៅបន្តធ្វើឱ្យការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានសុក្រឹតភាព និងមានភាពប្រាកដនិយមខ្ពស់ ក៏ដូចជាលើកកម្ពស់ការតាក់តែង និងរៀបចំគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
អគ្គបណ្ឌិតសភាចារ្យ វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាពនៃលទ្ធផលកំណើនសេដ្ឋកិច្ច និងស្ថានភាពតាមវិស័យសំខាន់ៗ ជាពិសេស លើវិស័យជំរុញកំណើន (growth drivers) ក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់រាជរដ្ឋាភិបាល ទោះបីជាទំហំ (magnitude) អាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។
ទន្ទឹមនេះ, អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦.០% នៅឆ្នាំ ២០២៤ និង ៦.៣% នៅឆ្នាំ ២០២៥។ កត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាល បន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដាក់ចេញឱ្យបានទាន់ពេលវេលា នូវវិធានការអន្តរាគមន៍ចាំបាច់នានា ឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ចំពោះមុខផង និងបង្កើនការគិតគូរប្រកបដោយស្មារតីបុរេសកម្មខ្ពស់ ដើម្បីបន្តពង្រឹងការអនុវត្តវិធានការ ដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាគិតគូរដាក់ចេញនូវវិធានការថ្មីបន្ថែមទៀតក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនភាពប្រកួតប្រជែង សំដៅធានាបាននូវកំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ ។
ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ដល់ក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការ វាយ តម្លៃសេដ្ឋកិច្ច ក៏ដូចជាការលើកឡើងនូវអនុសាសន៍គោលនយោបាយចម្បងៗ ដែលមានសង្គតិភាពទៅនឹងយុទ្ធសាស្រ្តគោលនយោយបាយនានា របស់រាជរដ្ឋាភិ បាល ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាលទី១» ដែលនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕