សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងធ្វើសកម្មភាពយោធានានាឡើងវិញ នៅតាមបណ្តោយព្រំប្រទល់ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធា ជាមួយកូរ៉េខាងជើង។ការផ្អាកកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េនោះ ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អនុម័តនាថ្ងៃអង្គារនេះ ធ្វើឡើងដើម្បីជាការឆ្លើយតប ចំពោះកូរ៉េខាងជើង ដែលនាពេលថ្មីៗកន្លងទៅនេះ បានបង្ហោះបាឡុងចំនួនរាប់រយបាឡុង ផ្ទុកទៅដោយសំរាម ឆ្លងចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ មន្រ្តីការពារជាតិកូរ៉េខាងត្បូងម្នាក់ បានលើកឡើងថា យោធាកូរ៉េខាងត្បូងបញ្ជាក់ច្បាស់ហើយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពប្រជាជន ក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង។ មន្រ្តីដដែល បានបន្ថែមថា សកម្មភាពបង្ហោះបាឡុងសំរាមរបស់ទីក្រុងព្យុងយ៉ាង បានគំរាមកំហែងជាខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនកូរ៉េខាងត្បូង និងបានបង្កការខូចខាត ទ្រព្យសម្បត្តិ។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងយោធា ប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់ទាំងស្រុង នូវការធ្វើសកម្មភាពអរិភាពទាំងអស់ ប្រឆាំងដាក់គ្នាទៅវិញទៅមក ដែលជាប្រភពនៃភាពតានតឹងយោធា កដ៏ដូចជាការផ្ទុះបញ្ហាជម្លោះ តាមរយៈចំណាត់ការផ្សេងៗ ដូចជាការណ៍ដែលភាគីទាំងសងខាង សម្រេចចិត្តឈប់ធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ព្រំដែន ជាដើម។ វាគឺជាកិច្ចព្រមព្រៀងច្បាស់លាស់ជាងគេ ដែលកើតចេញមកពីជំនួបជាប្រវត្តិសាស្រ្ត រវាងមេដឹកនាំប្រទេសកូរ៉េទាំងពីរ កាលពីឆ្នាំ២០១៨។
យ៉ាងណាមិញ កិច្ចព្រមព្រៀងខាងលើ បានដួលរំលំ នៅពេលកូរ៉េខាងត្បូង បានប្រកាសផ្អាកផ្នែកខ្លះ នៃកិច្ចព្រមព្រៀងយោធានោះ បន្ទាប់ពីកូរ៉េខាងជើង បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ទៅកាន់ទីអវកាសកាលពីឆ្នាំមុន ហើយភ្លាមៗក្រោយមក ទីក្រុងព្យុងយ៉ាង ក៏បានប្រកាសដែរថា ខ្លួនលែងជាប់កាតព្វកិច្ចអ្វីទៀតហើយ នៅក្នុងកិច្ចព្រមព្រៀងនោះ។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានដាក់ពង្រាយ កងទ័ពនិងសព្វាវុធឡើងវិញ នៅតាមប៉ុស្តិ៍យាមកាម ក្បែរតំបន់ព្រំដែន៕ ដោយ៖ ធីរីណា