ខេត្តព្រះសីហនុ៖ ទំនិញនាំចូល និងនាំចេញចំនួន ៣ លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណ ៣៥ លានដុល្លារ សហរដ្ឋអាមេរិកអាមេរិក សម្រាប់៤ខែដើមឆ្នាំ២០២៤ ។ នេះបើតាមលោក ថៃ ឬទ្ធី អគ្គនាយករង សារជីវកម្ម កំពង់ផែស្វយ័តព្រះសីហនុ ។
លោក ថៃ ឬទ្ធី អគ្គនាយករង សារជីវកម្ម កំពង់ផែ ស្វយ័តព្រះសីហនុ បានឲ្យដឹងថា ទំនិញនាំចូលមានចំនួនជាង ២,៣លាន តោន ទំនិញនាំចេញមានចំនួនជាង ៧៥ម៉ឺនតោន រយៈពេល៤ខែដើមឆ្នាំ២០២៤នេះ មានការកើនឡើង២៦.៩៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួនជាង ៣៥លានដុល្លារកើនឡើង ២៤.៤០ ភាគរយ បើធៀបនឹង៤ខែដើមឆ្នាំ២០២៣កន្លងទៅ ។
អគ្គនាយករងសារជីវកម្ម កំពង់ផែ ស្វយ័តព្រះសីហនុ បានឲ្យបញ្ជាក់ថា ទាក់ទងនឹងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មីក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម៉ និងគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មីជំហាន១ ប្រវែង ៣៥០ម៉ ជម្រៅ ១៤.៥ម៉ ដែលសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានអញ្ចើញមកសម្ភោធ កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានកំពុងរៀបចំតេស្ដដី ស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ មកដល់ពេលនេះ បានប្រមាណជា២ភាគរយហើយ ដែលក្នុងគម្រោងសាងសង់រយៈពេល៣៦ឆ្នាំ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។
លោក ថៃ ឬទ្ធី អគ្គនាយករង បានលើកឡើងថា ជាមោទនភាពរបស់កម្ពុជា ដែលប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិបតី បានកំណត់កំពង់ផែស្វយ័តក្រុងសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ប៉ុនែ្តមិនមែនសម្រាប់តែកម្ពុជាទេ គឺជាកំពុងផែសម្រាប់តំបន់ ដោយគ្រប់នាវាទាំងអស់ ដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោក អាចចូលចត ឬចេញពីកំពុងផែយើងបាន ហើយទំនិញរបស់យើង មិនលំបាកក្នុងការយកទៅផ្ទេរនៅកំពង់ផែប្រទេសជិតខាង ដូចជាកំពុងផែប្រទេសសិង្ហបុរី ដែលមានតម្លៃដឹកជញ្ជូនខ្ពស់នោះទេ ។ ហើយចាប់ពីថ្ងៃទី១ ខែមិថុនា កំពុងផែនឹងដាក់ប្រកាសនូវសេចក្ដីណែនាំរបស់សម្តេចមហាបវរធិបតី អំពីនីតិវិធីអនុវត្ត Transshipment ស្ដុកទំនិញជាបណ្ដោះ អាសន្នសិន ហើយបន្ទាប់មកលើកដាក់លើកប៉ាល់ដឹកបន្តរចេញទៅទៀត ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងសន្និធិគយបណ្តោះអាសន្ននៅចំណតផែកុងតឺន័រ LM១៧, ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ និងឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ ៕នគរវត្ត