ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី” ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ។

«អ្នកស្នងមរតក» គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈ និងគឺជាការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។ប្រទេសជាតិកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមិនត្រឹមតែមិនមាន ឱកាសកសាងធនធានសិល្បករប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបាត់បង់សិល្បករល្បីៗ អ្នកនិពន្ធ អ្នកសម្ដែង និង អ្នកចម្រៀង ដែលអ្នកទាំងនោះត្រូវផ្ទេរចំណេះ ជំនាញ និងទេពកោសល្យ ដល់សិល្បករជំនាន់ក្រោយ។ កម្មវិធីអ្នកស្នង មរតកនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការគិតគូរ ដោយផ្តោតលើការរក្សាចាស់ បង្កើតថ្មី និង អភិវឌ្ឍន៍ថ្មី។

ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការបន្តគោលនយោបាយ សម្រាប់កិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឱកាសថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាល ចំពោះមរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរ:សិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកការពារ និងលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានរីកចម្រើនគង់វង្សរហូតមក។

គ្រប់សិល្បករ សិល្បការិនីគ្រប់ទម្រង់ គឺជាដែលផ្តល់នូវគំរូនៃការប្រតិបត្តិប្រពៃណី ថែរក្សាវប្បធម៌ដ៏ផូផង់ ជាអ្នកផ្តល់ការបណ្តុះបណ្តាល ផ្តល់ខ្លឹសារអប់រំ ជួយពង្រីកសកម្មភាពវិជ្ជមាន បង្កើនការយល់ដឹង ហើយរួមគ្នាក្នុងការផ្សាយអំពីកម្ពុជារបស់យើង។

ជាមួយគ្នានេះ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាលជាមួយសិល្បករ សិល្បការិនី ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ” សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ បណ្ឌិត ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់ព្រឹទ្ធាចារ្យវីរសិល្បករ សិល្បការីនី ដែលមានវ័យចំណាស់ ព្រមទាំងបានផ្តល់ជូនជាថវិកាឧបត្ថម្ភមួយចំនួន ផងដែរ៕

ដោយ៖តារា

By admin

Leave a Reply

Your email address will not be published. Required fields are marked *