ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលអោយបុរសម្នាក់រងរបួស ប្រព្រឹត្តនៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អេង ពិសិដ្ឋ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកចុងភៅក្រុមហ៊ុនកាស៊ីណូថាយថិន មានទីលំនៅផ្ទះលេខ៣៨៤ ផ្លូវលេខ៣៦៧ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រីឯជនរងគ្រោះឈ្មោះ ពេជ្រ ដារ៉ា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនកាំបិត មានទីលំនៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានទទួលព័ត៌មានមកថា នៅក្នុងកាស៊ីណូថាយថិន បុគ្គលិកជនជាតិខ្មែរដែលស្នាក់នៅទីនោះមានការឈ្លោះគ្នាឈានដល់ចាក់គ្នាបង្កឱ្យមានរបួសស្នាម ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័័យមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាវិត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨យប់ ខណៈពេលសម្រាកពីការងារខ្លួនក៏បានមកបន្ទប់វិញ ហើយនាំអ្នកនៅជិតៗបន្ទប់នោះផឹកស៊ី ដោយមានគ្នា៤ទៅ៥នាក់ ផឹករហូតដល់ម៉ោង១២យប់ ខ្លួនក៏ស្រវឹងស្រា ហើយបានដើរទៅបន្ទប់ដេកដែលនៅជិតនោះក៏បានឃើញឈ្មោះពេជ្រ ដារ៉ា កំពុងចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ដេក។ ខ្លួនក៏បានសួរថា មិចក៏អ្ហែងថតរូបអញដេកជាមួយសង្សារផ្ញើទៅគ្រួសារគេចឹង? ភ្លាមនោះក៏បានឈ្លោះប្រកែកគ្នា ហើយក៏រកវាយគ្នា ដោយឈ្មោះពេជ្រ ដារ៉ា កាន់កាំបិតរកមកចាក់ខ្លួន ខ្លួនក៏បានចាប់អោបវាជាប់ ហើយស្រវាបានអំពូលភ្លើងនៅជិតនោះក៏បានចាក់ត្រូវខ្នងវាពីក្រោយ។
ក្រោយមកក៏មានសន្តិសុខមកដល់ចាប់រូបខ្លួន ហើយប្រគល់អោយសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯជនរងគ្រោះត្រូវបានខាងក្រុមហ៊ុនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕