ភ្នំពេញ ៖ ស្រ្តីម្នាក់ជាជនជាតិវៀតណាមមិនដឹងថាមានវិបត្តិអ្វីទេបានសម្រេចចិត្តលោតសម្លាប់ខ្លួនពីសណ្ឋាគារអូរឫស្សី១ពីជាន់ទី៤ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៩:០០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារអូរឫស្សី១ ផ្លូវលេខ១១១ កែងផ្លូវលេខ១៩៨ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះគេមិនទាន់ដឹងឈ្មោះនៅឡើយនោះទេតែគេដឹងថា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅទីតាំងសណ្ឋាគារនោះបានឱ្យដឹងថា នារីរងគ្រោះទើបតែមកស្នាក់នៅកាលពីព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះទេ ។ ខណៈនៅវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលក៏ស្រាប់តែឃើញនារីដែលជាជនជាតិវៀតណាមនេះបានវេចបង្វេចមួយស្ពាយ ហើយបោះមកខាងក្រោម រួចក៏បានលោតពីជាន់ទី០៤នៃសណ្ឋាគារមកក្រោមបណ្ដាលឱ្យបែកក្បាលហូរឈាម លុះប្រមាណជា០៧នាទីក្រោយមកទើបស្លាប់តែមង្ត ភ្លាមៗនោះសន្តិសុខខាងលើ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រលិតជាកន្លែងកើតហេតុបានចុះទៅឡោមព័ទ្ធហាមមិនអោយអ្នកណាចូលទៅក្បែរសពជនរងគ្រោះនោះទេ រង់ចាំផ្នែកជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីពិនិត្យសព។ ជនរងគ្រោះមានសភាពបែកក្បាលដៃជើងបែកបាក់ហូរឈាមខ្លាំង ដែលសមត្ថកិច្ចសន្និដ្ឋាន ថាជាករណីលោតសម្លាប់ខ្លួន ។
សមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញសហការជាមួយលោកគ្រូពេទ្យអមសលាដំបូងរាជធានីភ្នំពេញបានពិនិត្យសពជនរងគ្រោះហើយបានប្រាប់ថា ក្បាលជនរងគ្រោះប៉ះទង្គិចធ្ងន់ធ្ងរហូរឈាមជាខ្លាំងបណ្ដាលឱ្យស្លាប់និងដៃជើងមានសភាពទន់សង្ស័យបាក់។ បើមើលតាមកាមេរ៉ាសុវត្ថិភាពជនរងគ្រោះលោតសម្លាប់ខ្លួនពីជាន់ទី៤តាមមាត់បង្អួចជាបន្ទប់របស់ជនរងគ្រោះតែមង្ត ។
បច្ចុប្បន្នជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញសមត្ថកិច្ចក៏យកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ ៕