ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តយកចិត្តទុកដាក់លេីការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ។
ប្រភពដដែលបន្តថា ជាក់ស្ដែងចាប់ពីថ្ងៃទី៤-៩ ខែមេសា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប. សាខាខេត្តកោះកុង កែប តាកែវ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមទីផ្សារនានា ជូនដល់បងប្អូនប្រជពលរដ្ឋ ក្នុងទិសដៅទប់ស្កាត់ការចរាចរនូវម្ហូបអាហារ និងទំនិញដែលមិនមានសុវត្ថិភាពសម្រាប់បរិភោគ។
ជាក់ស្តែង មន្ត្រីជំនាញបានយកសំណាកគំរូម្ហូបអាហារ ចំនួន ៥០គំរូ រួមមានគ្រឿងសមុទ្រ បន្លែ សរសៃគុយទាវ ត្រីងៀត ខ្ញីហាន់ ប៉ាត់តេ ពពុះសណ្តែក ។ល។ ដោយធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលជាលទ្ធផលល្អ មន្ត្រីជំនាញពុំបានរកឃើញមានការដាក់លាយសារធាតុគីមីណាមួយលើសំណាកគំរូម្ហូបអាហារទាំងនោះទេ។
យ៉ាងណាមិញ តាមរយៈការត្រួតពិនិត្យលើទំនិញចម្រុះនានា មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ សរុបចំនួន ៩៧.៤២គីឡូក្រាម។ ទំនិញពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីជំនាញដកហូត ហើយមន្ត្រីក៏បន្តអប់រំអាជីវករអំពីច្បាប់និងបទប្បបញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារផងដែរ៕