ខេត្តតាកែវ ៖ តាមរយៈ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ បានឱ្យដឹងថា មកដល់បច្ចុប្បន្នគម្រោងសម្រេចវឌ្ឍនភាពការងារបាន ៨០%ហើយ និងគ្រោងបញ្ចប់ការងារតួផ្លូវទាំងស្រុង១០០% ព្រមទាំងបើកឱ្យចរាចរណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំពោះការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារបន្ថែមមួយចំនួនផ្សេងទៀត អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ មានន័យថា គម្រោងនឹងបញ្ចប់មុនកិច្ចសន្យាសាងសង់ ១ឆ្នាំ។
វឌ្ឍនភាពការងារ លឿនជាងកិច្ចសន្យាសាងសង់បែបនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចង្អុលបង្ហាញឱ្យ លោករដ្ឋលេខាធិការ នាយកគម្រោង ចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាចាត់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ សហការជាមួយភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចុះពិនិត្យជាប្រចាំ ក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាបាននូវសំណង់ផ្លូវថ្នល់ប្រកបដោយគុណភាពរឹងមាំ និងអាចមានអាយុកាលប្រើប្រាស់បានយូរអង្វែង។
សូមជម្រាបដែរថា៖ វឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៖ ការងារបំពេញឡើងកូដ ១០០% ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៧% ការងារស្រទាប់ Sub Base ជាន់ទី១ ចំនួន១០០% ការងារស្រទាប់ Sub Base ជាន់ទី២ ចំនួន ១០០% ការងារស្រទាប់ Base Course ជាន់ទី១ ចំនួន៩០,៥% ការងារស្រទាប់ Base Course ជាន់ទី២ ចំនួន ៩០,៥%, ការងារស្រទាប់ AC ជាន់ទី១ ចំនួន៧២,៥១% ការងារសាងសង់ផ្លូវវាងទី១ ចំនួន៦០% ការងារសាងសង់ផ្លូវវាងទី២ ចំនួន៨០% ការងារសាងសង់លូមូលបណ្តោយផ្លូវ គ.ម៧ ចំនួន៩០% ដោយគ្រោងបញ្ចប់ការតួផ្លូវ ១០០% និងបើកចរាចរណ៍ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៤៕