ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានធ្វេីការឆ្មក់ចូលបង្រ្កាបក្លឹបកម្សានមួយកន្លែងយីយោ (ថាំង ហ៊ួយ ) នៅលើផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សបានជាង១០០នាក់មានទាំងជនជាតិបរទេស និងជនជាតិខ្មែរ ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដែលដឹកនាំផ្ទាល់បានបញ្ជាក់ឲ្យដឹងថា ដោយមានការអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង ហ៊ួយ ក្លឹបមួយនេះ ។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់)ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្ននេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕