សៀមរាប៖ មន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការបោះបង្គោលរបងហ៊ុមព័ទ្ធដីនៅសួនរុក្ខជាតិអង្គរ ជាគម្រោងរបស់រដ្ឋសុទ្ធសាធ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ។ ការបំភ្លឺនេះបន្ទាប់ពីមានបណ្តាញសង្គមតិកតុកមួយផ្សាយមួយ“ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីក្នុងតំបន់អង្គរចាប់ផ្ដើមធ្វើរបងហ៊ុមព័ទ្ធហើយ ដោយជ្រោកក្រោមស្លាកអាជ្ញាធរអប្សរា ចូលរួមសោកស្តាយផងកូនខ្មែរ” ។a absara wall1
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ បំភ្លៃការពិតនេះ ធ្វើឱ្យមហាជន មានការភ័ន្ធច្រឡំ និងប៉ះពាល់កិត្ដិយសដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។លោកបានបន្ដថា ការជីកដាំបង្គោលរបងហ៊ុមព័ទ្ធព្រៃនោះ ជាគម្រោងសួនរុក្ខជាតិអង្គរ ដែលធ្វើឡើងសម្រាប់ដាក់សំណាញ់លួស សម្រាប់ការពារ និងអភិរក្សសត្វព្រៃដែលគ្រោងនឹងលែង នៅក្នុងព្រៃធម្មជាតិ សម្រាប់ភ្ញៀវទេសចរដើរទស្សនាកម្សាន្ដ ហើយការជីកដីធ្វើរបងនោះ ក៏គ្មានប៉ះពាល់ដល់ព្រៃឈើផងដែរ ។ជាមួយគ្នានោះ នៅក្នុងព្រៃនេះ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំផ្លូវថ្មើរជើងសម្រាប់ដើរទស្សនាព្រៃព្រឹក្សា។
លោកថា ការងារទាំងនេះ ជាការងារដ្ឋ ដែលធ្វើឡើងសម្រាប់ទាក់អ្នកទេសចរទៅទស្សនាខេត្ដសៀមរាបឱ្យបានកាត់តែច្រើន។លោក ឡៃ ប៉ូទី ឲ្យដឹងថា ដីព្រៃដែលបានធ្វើរបងដាក់បន្លាលួសនោះ ជាគម្រោងសួនរុក្ខជាតិអង្គរ មានដីទំហំ១៥០ហិកតា ដែលបានចាប់ផ្ដើមនៅដើមខែមីនា នឹងគម្រោងបញ្ចប់នៅខែសីហា សម្រាប់លែងសត្វដែលស្លូតៗងាយស្រួលភ្ញៀវទស្សនា។ជាមួយគ្នានោះ ផ្លូវថ្មើរជើងនៅក្នុងព្រៃមានប្រវែងជាង៦គ.ម.ផងដែរ ដែលគ្រោងបើកឱ្យដើរទស្សនាព្រៃព្រឹក្សានាពេលឆាប់ៗខាងមុខនេះ។លោកបានអំពាវដល់ដល់សាធារណៈ កុំឱ្យមានការយល់ច្រឡំ តាមបណ្ដាញសង្គមផ្សព្វផ្សាយ ហើយជឿជាក់លើរដ្ឋាភិបាល ដែលបានខិតខំរកវិធីសាស្ដ្របង្កើតឱ្យមានតំបន់ទស្សនា ឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិផងដែ។