ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំនួនជាង៣៦០នាក់។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក លោកស្រីជាអ្នកនាំពាក្យ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបចំនួនជាង៣៦០នាក់។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យរួចមក លោក ប៉ែន បូណា បានចែករំលែកចំណេះដឹង និងបទពិសោធនៃប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យ និងចុងក្រោយ គឺប្រសាសន៍ណែនាំរបស់លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទៅកាន់មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យដើម្បីពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាបលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស៕