ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន៣១៩នាក់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចំនួន១៦១ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននោះដែរ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំបានចំនួន២ករណី គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៦នាក់ និងប្រមូលបានគ្រឿងញៀនជាង១៧គីឡូក្រាម ព្រមទាំងសារធាតុផ្សុំមួយចំនួនទៀត។
បញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឧឡារិក ក្រោយចូលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិរបស់ខ្លួនផងដែរ។
មន្ត្រីនគរបាលជាតិទាំងកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ រហូតដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាបន្តបន្ទាប់ បានអនុវត្តការធ្វើតេស្តរកសារធាតុញៀន។ ទីបំផុតមានមន្ត្រីមួយចំនួនតូចត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញមានសារធាតុញៀន។
ថ្មីៗនេះទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញបទបញ្ជាលេខ០០១ ឱ្យគ្រប់អង្គភាពរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើតេស្តលើមន្ត្រីទាំងអស់ ហើយមន្ត្រីដែលរកឃើញមានសាធាតុញៀនក៏នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដូចគ្នាដែរ៕ នគរវត្ត