ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ដែលមានព្រៃកោងកាងស្រស់ស្អាត និងធំជាងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។ ដែនជម្រកសត្វព្រៃនេះជាបណ្តុំនៃព្រៃកោងកាងប្រមាណជា៦៤ប្រភេទ មានដូចជា ប្រភេទ Rhizophora mucronata និងប្រភេទ Rhizophora ដទៃទៀត ដែលអមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងបានផ្តល់ផលនេសាទដល់ប្រជានេសាទប្រមាណជា ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងតំបន់នេះ។ តំបន់ពាមក្រសោបនេះ ក៏មានវត្តមានដីមមោក ដែលមានសារៈសំខាន់ជាអន្តរជាតិ និងជួយទ្រទ្រង់ដល់វត្តមានសត្វព្រៃសំខាន់ៗ ដែលជាប្រភេទសត្វងាយទទួលរងការគំរាមកំហែង និងជិតផុតពូជលើពិភពលោក មានដូចជា ពពួក ភេ ស្វា ខ្លាត្រី អណ្តើក ជ្រូកទឹក ផ្សោត រួមទាំងសត្វស្លាបទេសន្តរប្រវេសន៍ផងដែរ ដែលតំបន់នេះជាទីសំចតសម្រាប់ស្នាក់នៅបណ្តោះអាសន្ន ឈប់សម្រាក រកចំណី និងបង្កើនថាមពល មុននឹងបន្តការធ្វើទេសន្តប្រវេសន៍របស់ខ្លួន។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត សាម អុីន និង ឯកសារយោងក្រសួងបរិស្ថាន (២០២២) កម្ពុជាមាតុភូមិខ្ញុំ ។
ព្រៃកោងកាងនៅតំបន់នេះបានដើរតួរយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារសំណឹកឆ្នេរ ជារណាំងការពារខ្យល់ព្យុះ ខ្យល់កន្រាក់ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជាជម្រកជីវៈចម្រុះជាច្រើនប្រភេទ។ ព្រៃកោងកាងក៏ជួយផ្គត់ផ្គង់ជីវភាពរបស់សហគមន៍តំបន់ឆ្នេរ ដូចជាជួយបង្កើនផលនេសាទ ដែលជាប្រភពចំណូលដ៏សំខាន់ពីការនេសាទនៅកម្ពុជា។
ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិចាប់តាំងពីឆ្នាំ១៩៩៣ ជាមួយនឹងផ្ទៃដី ២៣,៧៥០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោកអ្នកដែលស្រឡាញ់ចូលចិត្តទឹកសមុទ្រ ទេសភាពព្រៃកោងកាងដ៏ស្រស់ត្រកាល និងជីវភាពរស់នៅសហគមន៍នេសាទ ដែនជម្រកសត្វព្រៃពាមក្រសោបជាទីកន្លែងសមស្របសម្រាប់លោកអ្នកក្នុងការដើរលំហែសម្រាកកំសាន្ត ៕