សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា សមាជិករបស់សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីរក្សាទុកទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានអឺរ៉ូរបស់ធនាគារកណ្តាលរុស្ស៉ី ដែលត្រូវបានបង្កកនៅអឺរ៉ុប សម្រាប់គម្រោងជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ ក្រោយការឈ្លានពានរបស់រុស្ស៉ី។
បែលហ្សិកដែលកាន់តំណែងជាប្រធានប្តូរវេន៦ខែនៃសហភាពអឺរ៉ុប បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកទាំង២៧របស់ EU បានយល់ព្រមជាគោលការណ៍ជំហានដំបូង នៅក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការយល់ព្រមជាគោលការណ៍នេះ កើតមានឡើងតែប៉ុន្មានថ្ងៃនៅមុនកិច្ចប្រជុំកំពូល ដែលបណ្តាមេដឹកនាំសហភាពអឺរ៉ុប ត្រូវព្យាយាមយកឈ្នះលើការជំទាស់របស់ហុងគ្រីជុំវិញការផ្តល់មូលនិធិចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
សេចក្តីព្រៀងគោលការណ៍នេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកច្បាប់ និងភាសា មុនពេលមានការអនុម័តជាផ្លូវការ។ បន្ទាប់មក គណៈកម្មការអឺរ៉ុបត្រូវបានគេរំពឹងថា នឹងស្នើផ្ទេរប្រាក់ដែលកំណត់ថាចូលទៅក្នុងថវិការបស់សហភាពអឺរ៉ុប ហើយទើបបញ្ជូនបន្ត ទោះបីជាមិនច្បាស់ថានៅពេលណាបានទៅដល់ដៃអ៊ុយក្រែនក្តី។
សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៉ីប្រមាណ៣០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន។ ទឹកប្រាក់ប្រហែល ២០០ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិទាំងនោះត្រូវបានកាន់កាប់នៅអឺរ៉ុបភាគច្រើន និងជាចម្បង នៅក្រោមសេវាកម្មហិរញ្ញវត្ថុ Euroclear របស់បែលហ្សិក។ បារាំង និងអាល្លឺម៉ង់ បានសម្តែងការទាយទុករួចទៅហើយអំពីផែនការនេះ ខណៈដែលធនាគារកណ្តាលអឺរ៉ុបព្រមានថា ការធ្វើបែបនេះអាចបំផ្លាញទំនុកចិត្តលើប្រាក់អឺរ៉ូ ធ្វើឱ្យទីផ្សារពិភពលោកជ្រួលច្របល់៕ ដោយ៖ ធីរីណា