ប្រទេសថៃ ៖ ប្រទះឃើញកាំភ្លើងយន្តជិត៤០ដើម និងគ្រាប់រំសែវរាប់រយក្បែរព្រំដែនកម្ពុជា-ថៃ ក្រោយក្រុមទាហានឈុតខ្មៅថៃដើរល្បាតដែលគេច្រកបាវលាក់ទុកក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងទឹកដីថៃ ចម្ងាយប្រហែល៦០០ម៉ែត្រ ពីអូរព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមសេចក្ដីរាយការណ៍បឋមពីមន្ត្រីការពារព្រំដែនខ្មែរ និងកំពុងស្វែងរកប្រភព សហការជាមួយ សមត្ថកិច្ចភាគីថៃ ។
ប្រភពពីមន្ត្រីព្រំដែនបានឲ្យដឹងថា ៖ អាវុធយុទ្ធភ័ណ្ឌទាំងនោះត្រូវក្រុមទាហានឈុតខ្មៅថៃ ប្រទះឃើញនៅក្នុងចម្ការមួយកន្លែង ដោយមានគ្របសំរាម និងស្លឹកឈើ កាលពីរសៀលថ្ងៃទី២២ មករា ស្ថិតក្នុងស្រុកសយដាវ ស្រុកចន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល៦០០ម៉ែត្រ ពីអូរព្រំដែនកម្ពុជា-ថៃ។
បើយោងរបាយការណ៍បឋម ដែលមន្ត្រីព្រំដែនខ្មែរ បានស្រង់ពីភាគីថៃ បានឲ្យដឹងថា ៖ អាវុធយុទ្ធភ័ណ្ឌដែលក្រុមទាហានថៃ រកឃើញនោះរួមមាន ១-កាំភ្លើង M-16 ចំនួន១៥ដើម
២-ភាំភ្លើងAK-47 ចំនួន២២ដើម
៣-កាំភ្លើងយន្ត 12,7 ចំនួន១ដើម
៤-គ្រាប់កាំភ្លើងយន្ត 12,7 ចំនួន៥១០គ្រាប់ ។
គេពុំទាន់ដឹងនៅឡើយទេថា តើអាវុធយុទ្ធភ័ណ្ឌទាំងនេះចេញពីប្រភពណានៅឡើយទេ ? សមត្ថកិច្ចថៃ និងកម្ពុជា បាននិងកំពុងជួបពិភាក្សាគ្នា ដើម្បីស្រាវជ្រាវស្វែងរកប្រភពអាវុធនេះ ខណះកម្ពុជា-ថៃ មានកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីស្ថេរភាព នៃប្រទេសទាំងពីរ ប្រកបដោយសន្តិភាព ៕