ទំនាក់ទំនងរវាងរុស្ស៊ីនឹងកូរ៉េខាងជើងកាន់តែជិតស្និទ្ធក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអាមេរិកនិងសម្ព័ន្ធមិត្តបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ។ ប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានបញ្ជូនមីស៊ីលនិងអាវុធជាច្រើនទៅកាន់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី២១ ខែមករា កូរ៉េខាងជើងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបង្ហាញពីការត្រៀមលក្ខណៈបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងពេលដែលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe son Hui កាលពីសប្តាហ៍កន្លងមក។
ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងការបរទេសម្នាក់ KCNA បានរាយការណ៍បន្ថែមថា លោក ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការអញ្ជើញរូបលោកឱ្យទៅបំពេញទស្សនកិច្ចខណៈដែលលោកទើបនឹងបានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅក្នុងប្រទេសរុស្ស៉ី កាលពីសប្តាហ៍មុន។
រុស្ស៉ីក៏បានអរគុណដល់កូរ៉េខាងជើងចំពោះការគាំទ្រនិងផ្តល់សាមគ្គីភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសទាំងពីរបានសម្តែងការព្រួយបារម្ភរួមគ្នាជុំវិញសកម្មភាពដែលខ្លួនចាត់ទុកជាការបង្កហេតុពីសំណាក់សហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តប្រឆាំងទៅនឹងសិទ្ធិ អធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាង ដោយយល់ព្រមសហការគ្នាក្នុងកិច្ចការតំបន់។
គួរបញ្ជាក់ថា បើតាម KCNA កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង នឹងរុស្ស៉ីគឺនឹងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ រួមទាំងច្បាប់អន្តរជាតិដទៃទៀតផងដែរ៕ ដោយ៖ ធីរីណា