សារព័ត៌មាន AFP បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះថា ចំនួនអ្នកស្លាប់នៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានកើនដល់១៦១នាក់ ខណៈដែលព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។
បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែកប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយនេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា ការងារជាអាទិភាព គឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។
កាលពីឆ្នាំ២០១១ ជប៉ុនបានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យ បង្កជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្សប្រហែលជា ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ៕ ដោយ៖ ធីរីណា