សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌូណេស៉ីសម្រេចផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ចំនួន ៣គ្រឿង កាលពីថ្ងៃទី៦ ខែមករានេះ ទោះបីជាពួកវាមានលក្ខណៈខុសគ្នាពីយន្តហោះ MAX 9 ដែលត្រូវចុះចតបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី អ្នកនាង Adita Irawati បាននិយាយថា យន្តហោះ Boeing 737 MAX 9 ទាំង ៣គ្រឿងដែលឥណ្ឌូណេស៉ីមាន នឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងដឹកជញ្ជូន នឹងសហការជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lion Air ដើម្បីតាមដាន ខណៈដែលសុវត្ថិភាពនៃប្រតិបត្តិការគឺជាគោលដៅអាទិភាព។
អ្នកនាង Adita បានបញ្ជាក់ថា «យន្តហោះ MAX 9 របស់ក្រុមហ៊ុន Lion Air មានប្រភេទទ្វារច្រកចេញពេលគ្រាអាសន្នខុសពី MAX 9 របស់ក្រុមហ៊ុន Alaska Airlines។ ក្រុមហ៊ុនអាកាសចរណ៍ កំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀត ដើម្បីធានាថា ប្រព័ន្ធទ្វារគ្រាអាសន្ននៃយន្តហោះទាំងនោះដំណើរការជាធម្មតា»។
រដ្ឋបាលអាកាចរណ៍សហព័ន្ធអាមេរិក បានណែនាំឱ្យបញ្ឈរជើងយន្តហោះ Boeing MAX 9 ចំនួន ១៧១គ្រឿង ដែលមានដំឡើងផ្ទាំងទ្វារដូចគ្នាទៅនឹងយន្តហោះ MAX 9 មួយគ្រឿងរបស់ក្រុមហ៊ុន Alaska Airlines ដែលត្រូវចុះចតបន្ទាន់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារតែប៉ើងរបើកផ្ទាំងទ្វារនោះ អំឡុងពេលហោះហើរ៕