ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករ ពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។
ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈ Hotline: ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមជម្រាបដល់សាធារណជនផងដែរថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។
ករណីមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនាពេលខាងមុខ ក្រសួងនឹង ជូនដំណឹងជាសាធារណៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចៀសវាងការចាញ់បោកជនឆ្លៀតឱកាស ៕