ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយ លោកនាយកសាខា លោក សំ ពិសិដ្ឋប្រធានកិត្តិយស អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនអាជីវករ ៣គ្រូសារ រួមមាន ឈ្មោះ ជាង លី អាយុ ៥៤ឆ្នាំ ម្ចាស់អាជីវកម្មប្តូរប្រាក់ វីង- លោក ចាន់ សួ អាយុ ៥៦ឆ្នាំ ម្ចាស់អាជីវកម្មលក់ថ្នាំពេទ្យ និង លោក ឡឹង ឧត្តម អាយុ ៥៧ ឆ្នាំ ម្ចាស់អាជីវកម្មលក់ភេសជ្ជះ ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះអាជីវកម្ម ៤ល្វែង ល្វែងនិមួយៗ ទំហំ ៤,៨ម × ១៨ម ប្រក់ សង្កសី ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីម៉ោង ១រំលងអាធ្រាត្រ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ។
លោក ស្រី សុភ័ក្ត្រ ក្នុងនាម លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយបាត់បង់ទាំងលំនៅដ្ឋាន ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់ ។
លោក លេខាធិការសាខា ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោក ស្រី សុភ័ក្ត្រ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ពិសេស ដោយបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល” ៣កុំ ៣ការពារ ” ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន អាជីវកររងគ្រោះ ៣គ្រួសារ នេះ ក្នុង ១គ្រួសារ ទទួលបាន : អង្ករ ៥០គក្រ ,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី ២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ២០ ,សម្ភារៈផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ៕