នៅថ្ងៃទី19 ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សាយថា មានមនុស្សយ៉ាងហោចណាស់១១១នាក់បានស្លាប់និងជាង100នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត 6.2 រុិចទ័រនៅក្នុងខេត្ត Gansu ភាគពាយព្យប្រទេសចិន។
ការរញ្ជួយដីបានកើតឡើងនៅស្រុក Xishishan ស្រុក Linxia ខេត្ត Gansu នៅវេលាម៉ោង 11:59 នាទីយប់ថ្ងៃទី18 ខែធ្នូ (ម៉ោងក្នុងតំបន់)។ ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានប្រកាសថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ។
សីតុណ្ហភាពក្នុងតំបន់កំពុងធ្លាក់ចុះក្រោម ០ អង្សាសេនៅភាគខាងជើងប្រទេសចិន។ អ្នកស្រុកជាច្រើននៅក្នុងតំបន់រញ្ជួយដីបានកម្តៅខ្លួនដោយភ្លើងខណៈដែលក្រុមអ្នកជួយសង្គ្រោះដំឡើងតង់។ ប្រធានាធិបតីចិនលោក Xi Jinping បានដឹកនាំការស្វែងរក និងជួយសង្គ្រោះអតិបរមា។
នៅពេលនេះដែរ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ចិន ហើយលោកស្រីក៏បានស្នើផ្តល់ជំនួយតាមតែអាចធ្វើទៅបានផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីមួយមានកម្រិត៦.២រ៉ិចទ័រ បានសម្លាប់មនុស្សកើនដល់យ៉ាងហោចចំនួន ១១៨នាក់ នៅចុងភាគខាងជើងនៃតំបន់ខ្ពង់រាប Qinghai-Tibetan របស់ប្រទេសចិន។
ភាពតានតឹងរវាងទីក្រុងតៃប៉ិនឹងទីក្រុងប៉េកាំងបានកើនឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខណៈដែលចិនព្យាយាមដាក់សម្ពាធទាំងផ្នែកនយោបាយនិងយោធាមកលើដែនកោះនេះ ដ្បិតតៃវ៉ាន់ត្រូវបានប្រទេសចិនចាត់ទុកជាផ្នែកពុំអាចកាត់ផ្តាច់បាននោះឡើយនៃដែនដីរបស់ខ្លួន។ ប៉ុន្តែដោយទុកភាពតានតឹងមួយឡែកសិន លោកស្រី Tsai បានបង្ហោះលើបណ្តាញសង្គម X (Twitter) នូវសារចូលរួមរំលែកទុក្ខយ៉ាងស្មោះចេញពីចិត្តទៅកាន់អ្នកទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងហេតុការណ៍រញ្ជួយដីនៅឯប្រទេសចិន ហើយលោកស្រីបានបន្ថែមថា តៃវ៉ាន់ត្រៀមលក្ខណៈជាស្រេចដើម្បីផ្តល់ជំនួយសម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយនេះ៕ ដោយ៖ ធីរីណា