រដ្ឋធានីហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ លោកស្រី ង្វៀន ធី ថាញ់ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ លោកស្រី ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពការងាររបស់សមាគម ជាពិសេស ការគាំទ្រដល់និស្សិតកម្ពុជា ដែលបានមកបន្តការសិក្សាក្នុងប្រទេសវៀតណាម ។ លោកស្រីប្រធាន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី ថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលការងាររបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមការទូតប្រជាជន តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, ការជំរុញទំនាក់ទំនងរវាងយុវជន ស្ត្រី និងធុរជន, ការធ្វើសកម្មភាពមនុស្សធម៌ និងការជួយឧបត្ថម្ភគ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ ឆ្នាំ និងបានថ្លែងអំណរគុណចំពោះទឹកចិត្ត និងកាយវិការនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈលំបាក ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ៕