សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។
ក្នុងចំណោមទីក្រុងទាំង១០ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជា កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រីឯទីក្រុងឥណ្ឌា ២ផ្សេងទៀត គឺរួមមានទីក្រុងកុលកាតា (Kolkata) នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ AQI ចំនួន១៩៦ និងទីក្រុងមុមបៃ (Mumbai) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ ជាមួយ AQI ចំនួន១៦៣។
សន្ទស្សន៍ AQI ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយគ្រោះថ្នាក់សម្រាប់អ្នកដែលមានជំងឺប្រចាំកាយស្រាប់ ខណៈ AQI កម្រិត១៥០-២០០ អាចបង្កការរំខានដល់អ្នកដែលមានបញ្ហាហឺត សួត និងបេះដូង ជាដើម។ ចំណែក សន្ទស្សន៍ AQI ចន្លោះ ០-៥០ ត្រូវចាត់ទុកជាកម្រិតល្អ។ គុណភាពខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា តែងតែធ្លាក់ចុះខ្លាំងរៀងរាល់ឆ្នាំនៅមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់បង្ខាំងទុកភាគល្អិតកខ្វក់ ដែលបញ្ចេញពីយានយន្ត វិស័យឧស្សាហកម្ម ការសាងសង់ និងការដុតកាកសំណល់កសិកម្មនៅក្នុងស្រទាប់បរិយាកាស៕ ដោយ៖ ធីរីណា