ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់ដល់ក្រុមគ្រួសារនិងអ្នកភូមិ បន្ទាប់ពីក្មេងប្រុសសិស្សសាលាម្នាក់តខ្សែភ្លេីងឆក់ត្រីមិនប្រយ័ត្នបណ្ដាលអោយឆក់ខ្លួនឯងស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះប្រាក់ រតនា អាយុ១៣ឆ្នាំ មានមុខរបរសិស្ស រស់ក្នុងភូមិឃុំកើតហេតុខាងលើក្នុងបន្ទុកឪពុកម្តាយ។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុសខាងលើដើរ ទៅទិសខាងត្បូងចម្ងាយពីផ្ទះប្រហែល៦០ម៉ែត្រ ក្នុងគោលបំណងដេីម្បីឆក់ត្រីទុកធ្វើម្ហូបនាពេលយប់។ ខណៈកំពុងឆក់ស្រាប់តែឆ្លងចរន្តភ្លេីងជាច្រេីនតំណបណ្កាលអេាយឆក់ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះ តែជាអកុសល ហួសពេលទៅហើយ ។
ក្រោយមកសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុ។ តាមការពិនិត្យរបស់វេជ្ជបណ្ឌិត ចាន់ សំណាង អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រួមទាំងអាជ្ញាធរភូមិឃុំ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *