ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ថ្វីបើយន្តហោះវាយប្រហារលើដី A-10 Warthog របស់កងទ័ពអាកាសអាម៉េរិកមើលទៅហាក់ជិតចូលនិវត្តន៍ក៏ដោយ ក៏ប៉ុន្តែពួកវានៅតែត្រូវបញ្ជូនទៅទីកន្លែងគ្រោះថ្នាក់ជាច្រើន។ កាលពីខែមុន ក្រុមយន្តហោះ Warthog បានចូលទៅតំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃការបង្កើនកងកម្លាំងអាម៉េរិកចូលទៅក្នុងតំបន់នេះដើម្បីឆ្លើយតបទៅនឹងការផ្ទុះជម្លោះរវាងអ៊ីស្រាអែលនិងហ្កាហ្សា។ រូបភាព ដែលទើបចេញផ្សាយថ្មីៗ ឥឡូវនេះបានផ្តល់នូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ចំពោះសព្វាវុធដែលបំពាក់លើយន្តហោះទាំងនេះ ខណៈដែលពួកវាត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុនានា។
មជ្ឈមណ្ឌលកងទ័ពអាកាសអាម៉េរិក (AFCENT) ដែលជាបញ្ជាការកំពូលរបស់ទ័ពអាកាសនៅមជ្ឈិមបូព៌ា បានបង្ហោះលើអនឡាញកាលពីថ្ងៃទី៨វិច្ឆិកានូវរូបភាពរបស់យន្តហោះ A-10 ដែលជាកម្មសិទ្ធិរបស់កងវរសេនាតូចយន្តហោះចម្បាំងទី ៣៥៤ ដែលផ្ទុកដោយអាវុធយុទ្ធភ័ណ្ឌជាច្រើនប្រភេទ។ មន្ទីរបញ្ចកោណបានប្រកាសថា យន្តហោះ Warthog បានមកដល់ “ទីតាំងមិនបង្ហាញ” នៅមជ្ឈិមបូព៌ានៅថ្ងៃទី ១២ ខែតុលា។
រូបភាពថ្មីនេះបានបង្ហាញយន្តហោះ A-10 ចំនួន ៤ គ្រឿង ដែលផ្ទុកគ្រាប់ដូចៗគ្នា។
យន្តហោះ Warthog នីមួយៗមានមីស៊ីលពីអាកាសទៅអាកាស AIM-9M Sidewinder មួយគូនៅលើឧបករណ៍បាញ់ភ្លោះនៅខាងក្រោមស្លាបឆ្វេងរបស់វា។ នេះជាអ្វីដែលយន្តហោះទាំងនេះប្រើជាប្រចាំសម្រាប់ការពារខ្លួន។
រំកិលទៅក្នុងបន្តិចនៅក្រោមស្លាបឆ្វេងដដែល ក៏មានគ្រាប់រ៉ុក្កែត ៧០ មិល្លីម៉ែត្រចំនួន ៧ គ្រាប់ ដែលផ្ទុកជាមួយអ្វីដែលមើលទៅដូចជា មីស៊ីលបញ្ជាដោយឡាស៊ែរ Advanced Precision Kill Weapon System II (APKWS II) ដែលមានក្បាលគ្រាប់ប្រភេទ M282។
នៅក្រោមស្លាបស្តាំវិញ យន្តហោះ A-10 មានឧបករណ៍បំពង់បាញ់គ្រាប់កម្រិតខ្ពស់ LITENING ដូចដែលអាចមើលឃើញនៅក្នុងរូបភាពខាងក្រោម។
បំពង់បាញ់គ្រាប់ LITENING មានម៉ាស៊ីនថតវីដេអូចលនាពេញលេញបញ្ជាដោយអេឡិចត្រូអុបទិកនិងអ៊ីនហ្វ្រារ៉េដ ក៏ដូចជាឧបករណ៍កំណត់ឡាស៊ែរ និងឧបករណ៍ស្វែងរកចម្ងាយឡាស៊ែរ។ វាក៏អាចកំណត់កូអ័រដោណេជាក់លាក់នៃចំណុចណាមួយនៅលើដីផងដែរ ដែលបន្ទាប់មកអាចបញ្ចូលកម្មវិធីសូហ្វវែទៅក្នុងគ្រាប់ ដែលបញ្ជាដោយប្រព័ន្ធ GPS ។ សរុបមក បំពង់នេះអាចត្រូវបានប្រើដើម្បីស្វែងរក តាមដាន និងបាញ់លើគោលដៅនៅលើដី ក៏ដូចជាសម្រាប់ការឃ្លាំមើលទូទៅ។
ខិតចូលទៅក្នុងផុតនៃស្លាបទាំងសងខាងគឺមានគ្រាប់បែក GBU-39/B Small Diameter Bombs (SDB) ចំនួន ៤ គ្រាប់។ គ្រាប់នេះគឺបញ្ជាទិសតាម GPS ដែលអាចបាញ់គោលដៅនៅចម្ងាយ ៧៥ គីឡូម៉ែត្រ។ ការណ៍នេះអាចជួយយន្តហោះមានភាពបត់បែនខ្ពស់និងមានឱកាសរួចខ្លួនខ្ពស់ពីការបាញ់ពីសំណាក់សត្រូវ៕